ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តស៊េរីទំនើបLEXUS LX570 ពាក់ស្លាកលេខ ខេមរភូមិន្ទ បានជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក Porsche ពីចំហៀងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវR6 កែងផ្លូវលេខ១០២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។បុរសម្នាក់ បើករថយន្តស៊េរីទំនើបLEXUS LX570 ពាក់ស្លាកលេខ ខេមរភូមិន្ទ បានជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក Porsche ពីចំហៀងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។
មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក ផច (Porsche) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-4455 បើកបរដោយបុរសម្នាក់ជាជនជាតិកូរ៉េ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០២ពីលិចមកកើតក្នុងល្បឿនមធ្យម។ ខណៈបើកមកដល់ចំណុចកើតហេតុក៏បានឆ្លងភ្លើងស្តុបបម្រុងបត់ឆ្វេងទៅទិសខាងជើង តែឆ្លងបានពាក់កណ្ដាលភ្លើងស្តុបស្រាប់តែត្រូវរថយន្តស៊េរីទំនើបម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 – 2.0817 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បានទៅបុករថយន្តទំនើបម៉ាក ផច ពីចំហៀងពេញទំហឹង បណ្ដាលឱ្យរថយន្តម៉ាក ផច រងការខូចខាតទ្វារចំហៀងខាងស្ដាំយ៉ាងដំណំ រីឯរថយន្ត LEXUS 570 ក៏បានខូចខាតផ្នែកខាងមុខផងដែរ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ៕