ភ្នំពេញ៖ ចៅក្រមសាលាដំបូងខេត្តបាត់ដំបង បន្ទាប់ពីធ្វើការសាកសួរជាច្រើនម៉ោង បានសម្រេចឃុំខ្លួនលោក ឆាយ សេរីបុត្រ អាយុ៣០ ជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស ។
លោក សូឌី ប្រធានមន្ទីរសន្តិសុខនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា លោក ឆាយ សេរីបុត្រ ជាមន្ត្រីអង្គភាពប្រឆាំងអំពើពុកលួយ មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានលោក ឃី ឆ័យ ចៅក្រមសាលាដំបូងខេត្តបាត់ដំបង សម្រេចឃុំខ្លួនដោយចោទប្រកាន់ចំនួនពីរបទល្មើស គឺបទល្មើសប៉ុនប៉ងឃាតកម្ម និងការប្រើប្រាស់អាវុធគ្មានការអនុញ្ញាត ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៤ ខែតុលា ជនសង្ស័យឈ្មោះ ឆាយ សេរីបុត្រ បានទៅចូលរួមកម្មវិធី ខួបកំណើតមួយនៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក៏បានទាស់សម្តីគ្នាជាមួយជនរងគ្រោះម្នាក់ ឈ្មោះ រ៉ុម ចន្ថា ភេទប្រុស ជាមន្ត្រីយោធា រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ។ ខណៈដែលជនរងគ្រោះឈ្មោះ រ៉ុម ចន្ថា បានដើរទៅបត់ជើង ស្រាប់តែជនសង្ស័យឈ្មោះ ឆាយ សេរីបុត្រ បានដើរពីក្រោយទាញកាំភ្លើងខ្លីវាយក្បាលជនរងគ្រោះបែកចេញឈាម ។ក្រោយមកក៏មានការប្រតាយប្រតប់គ្នា រហូតដល់មានការផ្ទុះអាវុធ៥គ្រាប់ បណ្តាលអោយត្រូវស្មាខាងស្តាំរបស់ជនរងគ្រោះ ធ្លាយទៅម្ខាង រងរបួសធ្ងន់។ ក្រោយមកត្រូវមន្ត្រីកងរាជអាវុធហត្ថស្រុកកំរៀងចុះអន្តរាគមន៍ភ្លាមៗ ដោយធ្វើការឃាត់ខ្លួនខ្មាន់កាំភ្លើងជាមន្ត្រីប្រឆាំងអំពើពុករលួយខាងលើ មកកាន់ទីបញ្ជាការ អាវុធហត្ថស្រុកទាំងយប់ និងបន្តបញ្ជូនតាមនិតិវិធី រហូតដល់តុលាការសម្រេចឃុំខ្លួន ៕