ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បន្ទាប់ពីប្រទះឃើញនារីជនជាតិបរទេសម្នាក់ ដើរអាក្រាតកាយ នៅចំណុចស្តុប KTV 333 ចាស់ក្បែរផ្លូវឯករាជ្យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដំបូងឡើយ គេបានឃើញនារីខាងលើ ដើរនៅម្ដុំស្តុប KTV 333 ចាស់។ ដោយពុំដឹងថា បានដើរចេញពីកន្លែងណាឲ្យប្រាកដនោះទេ ហើយថែមទាំងដើរអាក្រាតកាយ និងមានស្នាមជាំដៃ និងជាំជើង រួមទាំងស្នាមជាំខ្សែ ដានជាប់ដៃនិងជើងថែមទៀត ទើបបងប្អូនប្រជាពលរដ្ឋនៅទីនោះ បានដោះអាវក្រៅឲ្យពាក់ បិទបាំងកេរ្ត៍ខ្មាស់ និងទាក់ទងហៅរថយន្ដសង្គ្រោះបន្ទាន់ និងសមត្ថកិច្ចផងដែរ ដើម្បីមកធ្វើការពិនិត្យ។ក្រោយកើតហេតុ នារីជនជាតិបរទេសខាងលើ ត្រូវបានបញ្ជូនទៅកាន់មន្ទីរសម្រាកព្យាបាលអន្តរជាតិក្រុងព្រះសីហនុ ។ ដោយឡែកជុំវិញករណីនេះសមត្ថកិច្ចនឹងបន្តបើកការស្រាវជ្រាវធ្វើការបន្តទៀត ៕