ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ស្គាល់នារីជាជនសង្ស័យម្នាក់តាម Facebook ហើយក៏នាំគ្នាផឹកស៊ី ចំណែកនារីជាជនសង្ស័យក៏បានខ្ចីម៉ូតូដោយប្រាប់ថា ទៅទិញសាច់ក្លែម ក៏ស្រាប់តែជិះគេចខ្លួនបាត់ប្រមាណជាង១០ថ្ងៃ រហូតដល់ជនរងគ្រោះប្រទះឃើញក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះ ពូន រចនា ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ អន ម៉ន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហើយម៉ូតូដែលត្រូវស្ត្រីជាជនសង្ស័យឆបោកយកទៅនោះម៉ាកឌ្រីមសង់ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FP-1727 ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១និង១០នាទីរសៀល ជនរងគ្រោះបានទាក់ទងស្ត្រីដែលជាជនសង្ស័យតាមរយៈ Facebook ហើយក៏បានមកនាំគ្នាមកផឹកស៊ីនៅផ្ទះមិត្តភ័ក្ដិស្រីម្នាក់ទៀតឈ្មោះ តឿ ស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាជនរងគ្រោះបន្តថា ហើយពេលស្ត្រីជាជនសង្ស័យក៏បានខ្ចីម៉ូតូពីបុរសជាជនរងគ្រោះ ដោយបានប្រាប់ថា ទៅទិញសាច់ក្លែម ដើម្បីហូប លុះបន្ទាប់មកជនសង្ស័យក៏បានយកម៉ូតូជនរងគ្រោះរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះវិញចេះតែចាំបាត់ៗមិនឃើញជនសង្ស័យត្រឡប់មកទិញសាច់ក្លែមវិញសោះ ដោយបាត់រហូតតែម្តង។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបាត់ម៉ូតូភ្លាមៗ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ភ្លាមៗ ដើម្បីអោយសមត្ថកិច្ចតាមប្រមាញ់ឃាត់ជនសង្ស័យផងដែរ ។ លុះនៅវេលាម៉ោងកើតហេតុ គឺម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ជនរងគ្រោះក៏បានឃើញស្ត្រីជាជនសង្ស័យដើរនៅម្តុំភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ហើយជនរងគ្រោះក៏បាននាំជនសង្ស័យមកប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ភ្លាមៗ ដើម្បីអោយសមត្ថកិច្ចសួរនាំតែម្តង។
បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានសួរនាំ ស្ត្រីជាជនសង្ស័យក៏បានសារភាពថា ម៉ូតូដែលគាត់យកពីបុរសជាជនរងគ្រោះខាងលើនេះ គឺបានអោយទៅមិត្តប្រុសម្នាក់ទៀតដើម្បីយកទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវ បានចំនួន៣០០ដុល្លារ ប៉ុន្តែមិត្តប្រុសម្នាក់នោះទាក់ទងមិនបានឡើយ ។ ហើយស្ត្រីជាជនសង្ស័យរូបនេះប្រាប់បន្តថា នឹងសងជាលុយដល់ជនរងគ្រោះវិញ ដោយអោយម្តាយរបស់ខ្លួនជាអ្នកជួយដោះស្រាយ ប៉ុន្តែជនរងគ្រោះរង់ចាំម្តាយរបស់ជនសង្ស័យជាច្រើនម៉ោង តែមិនឃើញមកនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៏បានកសាងសំណុំរឿង រួចបញ្ជូនខ្លួនស្ត្រីជាជនសង្ស័យទៅផ្នែកជំនាញព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីបន្តតែម្តងទៅ។