ភ្នំពេញ: បុរសម្នាក់បានលែងលះ ជាមួយប្រពន្ធជិតមួយឆ្នាំ ផឹកស្រាស្រវឹងនឹកគិតតូចចិត្តនិងខ្លួនឯង ក៏ជិះម៉ូតូឡើងទៅលើស្ពានជ្រោយចង្វា ដើម្បីបញ្ចប់ជីវិតខ្លួនឯង តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង០១រំលងអធ្រាត្រថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AW-8511 ដោយធ្វើដំណើរក្នុងស្ថានភាពស្រវឹង ទិសដៅពីលិចទៅកើតឆ្ពោះឡើងទៅលើស្ពានជ្រោយចង្វា ។ លុះដល់ខាងលើស្ពានដែលជាចំណុចកើតហេតុ បុរសនោះបានឈប់ម៉ូតូ រួចក៏ចុះដើរទៅឈរតោងបង្កាន់ដៃស្ពាន សម្លឹងមើលទឹកទន្លេ ។ រំពេចនោះបុរសខាងលើ ក៏បានតោងឡើងបង្កាន់ដៃស្ពាន បំណងលោតចូលទឹកទន្លេ ដើម្បីបញ្ចប់ជីវិត ។ ហើយក៏មានប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ និងបានឃើញរួចក៏ប្រញាប់ប្រញាល់ ស្ទុះទៅចាប់ទាញបុរសនោះ ចុះមកវិញភ្លាមៗផងដែរ ។
បើតាមសម្តីពីរបស់រងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់មានឈ្មោះ យឹម ផេង អាយុ២៩ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅឯខេត្តតាកែវ ។ មានប្រពន្ធឈ្មោះ ឈួប ភឿន អាយុ៣២ឆ្នាំ និងមានកូនចំនួន២នាក់ ។ ប៉ុន្តែពួកគាត់ទាំងពីរនាក់ ក៏សម្រេចចិត្តលែងលះគ្នា អស់រយ:ពេលជាង៧ខែមកហើយ ដោយសារតែការរស់នៅមិនចុះសម្រុងនិងគ្នា ។ បន្ទាប់ពីលែងលះគ្នា រួចដាក់ស្រេចគាត់ក៏ចាប់ផ្ដើមមានចិត្ត អាណិតកូនទាំងពីរនាក់ របស់គាត់ដែលសព្វថ្ងៃត្រូវបានឪពុកម្ដាយប្រពន្ធរបស់គាត់ យកទៅមើលថែ ។ ហើយគាត់ក៏ចង់ត្រូវរ៉ូវគ្នាជាមួយប្រពន្ធរបស់គាត់វិញ តែគាត់មិនដែលបានជួបនិយាយសុំប្រពន្ធឲ្យត្រូវរ៉ូវវិញនោះទេ ព្រោះប្រពន្ធរបស់គាត់ មិនរវីរវល់និងគាត់សោះ ។ ហើយនៅថ្ងៃកើតហេតុ ដោយសារតែពិបាកចិត្ត អាណិតកូនខ្លាំងពេក គាតក៏បានផឹកស្រាស្រវឹង និងបានគិតតូចចិត្តនិងខ្លួនឯង ទើបធ្វើឲ្យគាត់គិតខ្លី សម្រេចចិត្តជិះម៉ូតូទៅធ្វើអត្តឃាតបញ្ចប់ជីវិត ដោយលោតទឹកសម្លាប់ខ្លួនតែម្តង ។
ក្រោយពេលកើតហេតុ បន្ទាប់ពីមានប្រជាជនបានជួយនិយាយលួងលោម រហូតធ្វើឲ្យបុរសនោះទន់ចិត្ត លែងគិតខ្លីចង់បញ្ចប់ជីវិតទៀត រួចក៏បានឡើងជិះម៉ូតូត្រឡប់ទៅផ្ទះ របស់គាត់វិញបាត់ទៅ ៕