ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី៣១ ខែសីហាម្សិលមិញនេះ មានភ្លៀងមួយមេធំបានបង្អុរធ្លាក់យ៉ាងខ្លាំងហាក់ដូចជាលាថ្ងៃចុងក្រោយនៃខែសីហា។ ភ្លៀងនេះបានបន្ដធ្លាក់តាំងពីរសៀលរហូតដល់យប់ ដែលបណ្ដាលឲ្យមានកន្លែងជាច្រើនត្រូវបានលេច។
យោងទៅតាមប្រភពបានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ កាលពីយប់មិញ មានទឹកជំនន់ដោយសារទឹកភ្លៀងបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋដែលនៅតំបន់នោះជន់លិច ជាពិសេស ក្រុងសិរីសោភ័ណ តែម្ដង។ លើសពីនោះ មានកន្លែងសំខាន់ៗដូចជា ផ្សារសិរីសោភ័ណ និង មន្ទីពេទ្យបង្អែក បានទទួលរងការប៉ះពាល់ផងដែរ។
ប្រភពបានបន្ដថា មន្ទីពេទ្យបង្អែកសិរីសោភ័ណ ត្រូវបានទឹកភ្លៀងវាយប្រហារដល់ក្នុងបន្ទប់ដាក់អ្នកជម្ងឺធ្វើឲ្យលេចទឹកប្រហែលត្រឹមកជើង។ ប៉ុន្ដែក៏សូមអរគុណដល់ក្រុមលោកគ្រូអ្នកគ្រូពេទ្យនិងបងប្អូនកំដរអ្នកជម្ងឺដែលបានយកចិត្តទុកដាក់និងបានជួយគ្នាលើកសម្ភារៈសំខាន់ដាក់លើទីខ្ពស់ដើម្បីកុំឲ្យទឹកប៉ះបាន។ មិនត្រឹមតែមន្ទីពេទ្យប៉ុណ្ណោះទេ ទឹកភ្លៀងមួយមេធំនេះ បានធ្វើឲ្យលេចស្ទើរគ្រប់កន្លែងក្នុងក្រុងសិរីសោភ័ណផងដែរ៕ ប្រភពមន្ទីពេទ្យបង្អែកសិរីសោភ័ណ