វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រកាសថា នឹងតាមប្រមាញ់ក្រុមដែលស្ថិតនៅពីក្រោយ ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលបានផ្តាច់ជីវិតកងទ័ពអាមេរិក ១៣នាក់ និង ១៨នាក់ទៀតរងរបួស ។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងថា «យើងចង់ឲ្យក្រុមដែលបានរៀបចំការវាយប្រហារនេះ ក៏ដូចជាអ្នកណាក៏ដោយ ដែលចង់ឲ្យអាមេរិករងគ្រោះដឹងថា យើងនឹងមិនលើកលែង និងមិនបំភ្លេចវាជាដាច់ខាត។ យើងនឹងតាមប្រមាញ់អ្នក ហើយអ្នកឲ្យសងនូវទង្វើនេះ» ។ លោកបានហៅកងទ័ពអាមេរិក ដែលបានពលីជីវិតនៅព្រលានយន្តហោះទីក្រុងកាប៊ុលនោះថា «វីរៈបុរស»។ ទន្ទឹមនឹងនេះប្រធានាធិបតីរូបនេះបានគូសបញ្ជាក់ថា ប្រតិបត្តិការជម្លៀសមនុស្ស ចេញពីប្រទេសអាហ្វហ្គានីស្ថាន នឹងនៅតែបន្តជានិច្ច ។
បើតាមមេបញ្ជាការ នៃទីបញ្ជាការកណ្តាលយោធាអាមេរិក លោក ខិនណេត ម៉ាកខេនហ្ស៊ី (Kenneth McKenzie)មានប្រសាសន៍ថា ទាហានអាមេរិក ១៣នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារនោះ និង ១៨នាក់ទៀតរងរបួស។ ការវាយប្រហារនេះត្រូវបានគេមើលឃើញថា បានបង្កឲ្យមានការបាត់បង់ជីវិតទាហានអាមេរិក យ៉ាងច្រើនក្នុងមួយថ្ងៃ ដែលកម្រកើតមានបំផុត សម្រាប់សង្គ្រាមនៅអាហ្វហ្គានីស្ថានរយៈពេល ២០ឆ្នាំមកនេះ។
សូមជម្រាបថា ក្រោយការវាយប្រហារកើតឡើង ក្រុមភេរវករ ISIS បានចេញមុខអះអាងនោះគឺជា ទង្វើរបស់ក្រុមខ្លួន ដោយសមាជិករបស់ក្រុមនេះបានរៀបធ្វើដំណើរ ទៅកាន់កន្លែងប្រមូលផ្តុំកកកុញនៃក្រុមអ្នកបកប្រែ និងសម្របសម្រួល នៅក្នុងជំរុំ បារ៉ាន (Baran Camp) នៃកងទ័ពអាមេរិក ដែលស្ថិតនៅក្បែរព្រលានយន្តហោះទីក្រុងកាប៊ុល ហើយបន្ទាប់មកសមាជិកនោះក៏បានចុចបំផ្ទុះគ្រាប់ បែក ដែលនៅជាប់ខ្លួនតែម្តង។ ជាលទ្ធផលមនុស្ស ៦០នាក់បានស្លាប់ និង ១៤០នាក់រងរបួស ៕