ត្បូងឃ្មំ៖ កុមារាអាយុ១៥ឆ្នាំម្នាក់ បានសារភាពថាគេបានប្រព្រឹត្តបទល្មើសនេះ ព្រោះតែខឹងថាកុមារារងគ្រោះបានជេទៅលើរូបគេ ហើយយកសាកសពរបស់កុមារារងគ្រោះទៅបោះចោលនៅក្នុងស្រះត្រកួនមួយ ។
ពាក់ព័ន្ធនឹងករណីនេះកាលពីថ្ងៃទី១៩ ខែកក្កដា វេលាម៉ោង១៣និង៣០ ឪពុករបស់កុមារាអាយុ៥ឆ្នាំបានរាយការណ៍ជូនសមត្ថកិច្ចស្រុកអូររាំង ខេត្តត្បូងឃ្មំអំពីការបាត់ខ្លួនរបស់កូន។ កម្លាំងសមត្ថកិច្ច និងអ្នកជិតខាងបានចាប់ផ្តើមស្វែងរកខ្លួនកុមារារងគ្រោះទាំងថ្ងៃ និងយប់។ នៅវេលាម៉ោង១២និង៣០អធ្រាត្រ ថ្ងៃទី២០ ខែកក្កដា សាកសពរបស់កុមារារងគ្រោះត្រូវបានគេរកឃើញនៅក្នុងស្រះត្រកួនមួយ។
បន្ទាប់ពីទទួលបានព័ត៌មានចំពោះករណីនេះ អង្គភាពការពារកុមារ (CPU) ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តត្បូងឃ្មំបានធ្វើការពិនិត្យសាកសពឃើញថាសាកសពត្រូវបានគេវាយជាច្រើនកន្លែង មុននឹងលង់ទឹកស្លាប់ ។
បើតាមមន្ត្រីស៊ើបអង្កេតបានយល់ឃើញថា កុមារារងគ្រោះត្រូវបានគេឃើញជាលើកចុងក្រោយនៅក្នុងថ្ងៃបាត់ខ្លួន ជាមួយកុមារាអាយុ១៥ឆ្នាំម្នាក់ ដែលត្រូវជាអ្នកជិតខាង។ កម្លាំងសមត្ថកិច្ចបាននាំខ្លួនកុមារាអាយុ១៥ឆ្នាំនេះទៅសួរនាំ ហើយក៏បានសារភាពថាគេបានប្រព្រឹត្តបទល្មើសនេះព្រោះតែខឹងថាកុមារារងគ្រោះបានជេទៅលើរូបគេ។ ជនសង្ស័យនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មំនៅក្នុងថ្ងៃនេះ ដើម្បីផ្តន្ទាទោសពីបទឃាតកម្មដោយចេទនាទៅលើជនរងគ្រោះ៕