ស៊ុយអែន៖ យន្តហោះមួយគ្រឿង ដឹកដោយអ្នកលោតឆ័ត្រយោង បានធ្លាក់នៅជិតផ្លូវរត់នាអាកាសយានដ្ឋាន Orebro នៃប្រទេសស៊ុយអែត បានបណ្តាលឲ្យមនុស្សចំនួន ០៩នាក់បានស្លាប់ ។ នេះបើយោងតាមសារព័ត៌មាន CNN នៅទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ។
បើតាមលោក Erik Hiding មន្ត្រីប៉ូលិសទីក្រុង Orebro បានឲ្យដឹងថា យន្តហោះខ្នាតតូចមួយគ្រឿង ដែលមានអ្នកបើកបរម្នាក់ បានដឹកអ្នកលោតឆ័ត្រយោងចំនួន ០៨នាក់ បានធ្លាក់នៅវេលាម៉ោង ៧ និង២៣នាទីយប់ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយគ្រាន់តែហោះឡើងហើយបានឆាបឆេះ បានសម្លាប់មនុស្សទាំងអស់ ដែលជិះនៅលើនោះ ។
បើទោះបីយ៉ាងណាក្តីមន្ត្រីប៉ូលិសមិនបានបង្ហាញពីប្រភេទយន្តហោះ ដែលបានធ្លាក់នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានចេញផ្សាយថា វាជាប្រភេទ DHC-2 Turbo Beaver ។ យន្តហោះនេះ ត្រូវបានជួលដោយក្លិបលោតឆ័ត្រយោង អានណា អូស្កាសុន (Anna Oscarson) ស្ថិតក្នុងទីក្រុង Orebro។
សូមជម្រាបថា ករណីដ៏រន្ធត់ខាងលើនេះនាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Lofven បានចូលរួមសោកស្តាយ និងរំលែកទុក្ខតាមរយៈគណនី Twitter របស់លោក ។ ចំណែកមូលហេតុដែលបណ្តាល ឲ្យយន្តហោះនេះធ្លាក់មិនត្រូវបានបង្ហើបឲ្យដឹងនោះទេ បើទោះបីមានការស៊ើបអង្កេតពីមន្ត្រីប៉ូលិសក្តី ៕