រ៉ង់ហ្គូន៖ ការប្រឈមមុខដាក់គ្នា ជាមួយក្រុមប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលរបស់យោធាមីយ៉ាន់ម៉ា បានបណ្តាលឲ្យមានមនុស្សយ៉ាងហោចណាស់២៥នាក់បានស្លាប់ដោយសារការបាញ់ប្រហារពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា កាលពីចុងសប្ដាហ៍នៅទីក្រុងDepayin ក្នុងតំបន់ Sagaing ដែលមានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីNaypyidaw ។ នេះបើតាមសារព័ត៌មាន Reuters នៅទី០៥ ខែកក្កដា ឆ្នាំ២០២១ ។
ពាក់ព័ន្ធនឹងករណីនេះប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា Global News Light of Myanmar បានឲ្យដឹងថា ក្រុមប្រដាប់អាវុធបានស្ទាក់វាយប្រហារកងកម្លាំងសន្តិសុខ ដែលបានដើរល្បាតនៅទីនោះ ដោយបានសម្លាប់សមាជិករបស់ពួកគេម្នាក់ និងបានធ្វើឲ្យសមាជិករបស់ពួកគេ ០៦នាក់ទៀតរងរបួស។ ក្រុមប្រដាប់អាវុធបានដកថយវិញ បន្ទាប់ពីការវាយបកដោយកងកម្លាំងសន្តិសុខ។ សាកសពមនុស្សសរុប ២៥នាក់ត្រូវបានរកឃើញ បន្ទាប់ពីការប្រយុទ្ធបង្ហូរឈាមគ្នាដ៏សាហាវឃោឃៅនេះ ។
សូមជម្រាបថា ស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគិតពីព្រឹត្តិការណ៍ថ្ងៃទីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២១ ក្នុងការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អោង សានស៊ូជី រហូតដល់ពេល នេះនៅមិនទាន់រកច្រក់ចេញបាននៅឡើយនោះទេ បើទោះបីបណ្តាប្រទេសជាសមាជិកអាស៊ានខិត ខំរកដំណោះស្រាយជួយដល់ប្រទេសមួយនេះយ៉ាងណាក្តី ។ ខណៈប្រទេសលោកខាងលិចមួយចំនួន បានដាក់ទណ្ឌកម្មលើប្រទេសនេះជាបន្តបន្ទាប់ដើម្បីជាគំនាបឲ្យក្រុមយោធារកដំណោះស្រាយសមស្របតានគោលការណ៍ប្រជាធិបតេយ្យ និងឲ្យដោះលែងលោកស្រីអោង សានស៊ូជី និងសមាជិកដទៃ ទៀត ៕