អាមេរិក៖ លោក Joe Biden ប្រធានាធិបតីអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបាននិយាយថា លោកនៅតែសង្ឃឹមនឹងជឿជាក់ថានឹងអាចរកឃើញអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែកនៃអគារខុនដូដែលបានបាក់រលំកាលពីសប្តាហ៍មុននៅជិតទីក្រុង Miami ក្នុងរដ្ឋFlorida សហរដ្ឋអាមេរិក ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងថា «ប្រជាជាតិទាំងមូល» កំពុងកាន់ទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះដោយលោកនៅតែមានសង្ឃឹមថាអ្នកនៅរស់រានមានជីវិតអាចនឹងត្រូវបានរកឃើញ ។ ចំណែកក្រុមគ្រួសាររបស់ពួកគេទាំងនោះកំពុងមានទុក្ខជាទម្ងន់ ។ ជាមួយគ្នានេះរដ្ឋាភិបាលនឹងបន្តផ្ដល់ប្រាក់មួយខែទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ទន្ទឹមនឹងនេះលោកប្រធាធនាធិបតីបានបញ្ជាក់ថា វាចាំបាច់ណាស់ក្នុងការរកឲ្យឃើញមូលហេតុដែលបណ្តាលឱ្យមានការរលំបាក់អគារខុនដូនេះ ។
សូមជម្រាបថា រយៈពេលប្រមាណ៨ថ្ងៃហើយដែលករណីដ៏រន្ធត់នេះបានកើតឡើងដោយរហូតដល់ពេលនេះសាកសពមនុស្សចំនួន ១៨នាក់ហើយយត្រូវបានរកឃើញនៅក្រោមគំនរបាក់បែក ខណៈដែលមនុស្សចំនួន ១៤៥នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ។ ដោយឡែកមូលហេតុដែលនាំឲ្យរលំបាក់អគារនេះមន្ត្រីជំនាញនៅមិនទាន់បានបញ្ជាក់នៅឡើយនោះទេ ។ ចំណែកអ្នកជួយសង្គ្រោះត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារមានការព្រួយបារម្ភក្រែងផ្នែកផ្សេងទៀតនៃអគារខុនដូនេះរលំបាក់ថែមទៀត ៕