ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះជាង១ខែម្នាក់ខឹងនឹងប្តីមិនឲ្យលេងហ្វេសប៊ុក(facebook)បានសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
បើតាមព័ត៌មានដែលទទួលបានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សៃ ម៉ាប់ អាយុ ១៨ឆ្នាំមានប្ដីឈ្មោះ ឌឹម ដេតអាយុ ២៥ឆ្នាំ មិនទាន់មានកូនរស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
បន្ទាប់ពីកើតហេតុមន្ត្រីនគបាល និងមន្ត្រីជំនាញ ដែលបានចុះទៅពិនិត្យសាកសពបានជម្រាបថា សពត្រូវបានប្ដីស្រាយក្រមាទម្លាក់ចុះនៅវេលាម៉ោង ០២ និង៣០នាទីរំលងអធ្រាតុ ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២១ ដោយប្តីរបស់ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ប្រពន្ធរបស់ខ្លួនបានយកក្រមាពណ៌សទៅចងនឹងធ្នឹមផ្ទះក្បែរបន្ទប់គ្រែដេកដើម្បីសម្លាប់ខ្លួន ។
មន្ត្រីជំនាញបានបញ្ជាក់ថា សពស្ត្រីរងគ្រោះស្លាប់ដោយថប់ផ្លូវដកដង្ហើមដោយសារចងក ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជូនទៅលោកបៃ សៃ និងលោកស្រី រុំ អ៊ិត ត្រូវជាឪពុកម្ដាយយកទៅធ្វើបុណ្យនៅភូមិអន្លង់ស្អំ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕