រ៉ង់ហ្គូន៖ ព្រឹត្តិការណ៍ថ្ងៃទី០១ខែកុម្ភៈនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានសហគមន៍អន្តរជាតិថ្កោលទោសជាខ្លាំងថាជាព្រឹត្តិការណ៍របបយោធា ឬចាត់ទុកព្រឹត្តិការណ៍រដ្ឋប្រហារ ដោយក្នុងនោះមានអ្នកសារព័ត៌មានជាច្រើនបានចុះផ្សាយនូវពាក្យទាំងនេះដែរ ដែលរហូតដល់ពេលនេះធ្វើឲ្យយោធាមីយ៉ាន់ម៉ាបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងកាសែតបរទេស ឬអ្នកទាំងឡាយណាមួយដែលនៅតែហៅខ្លួនថា «របបយោធា ឬក៏ចាត់ទុកព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈគឺជារដ្ឋប្រហារ» ។ នេះបើយោងតាមសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ។
ស្របពេលដែលក្រសួងព័ត៌មានកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ពេលនេះយោធាមីយ៉ាន់ម៉ា បានចេញផ្សាយលើសារព័ត៌មានមីយ៉ាន់ម៉ា Global New Light of Myanmarថា «បណ្ដាប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ត្រូវបានព្រមានរួចហើយ កុំឱ្យប្រើប្រាស់ពាក្យក្រុមប្រឹក្សាយោធា, របបយោធា ឬរបបសឹកក្នុងការពិព័ណ៌នាលើរដ្ឋាភិបាល បើពុំដូច្នោះទេ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ ដែលមានស្រាប់ប្រឆាំងនឹងពួកគេ» ។
សូមជម្រាបថា ព្រឹត្តិការណ៍ថ្ងៃទី០១ខែកុម្ភៈដែលយោធាមីយ៉ាន់ម៉ា បានទម្លាក់រដ្ឋាភិបាលស៊ីវិលពីអំណាចនិងបានចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូ ជី រួមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់លោកស្រីត្រូវបានសារព័ត៌មានបរទេស និងរដ្ឋាភិបាលនៃបណ្តាប្រទេសលោកខាងលិចផ្ទាល់ចាត់ទុកព្រឹត្តិការណ៍នេះថាជាការធ្វើ រដ្ឋប្រហារយោធា ។ មិនតែប៉ុណ្ណោះថែមទាំងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ លើថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាទៀតផង ៕