ញូដេលី៖ បន្ទាប់ពីទទួលរងនូវឥទ្ធិពលនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ មកដលពេលនេះឥណ្ឌាកាន់តែមានក្តីសង្ឃឹមច្រើនឡើងៗលើការយកឈ្នះជំងឺដ៏កាចសាហាវនេះ ក្នុងនោះទាំងអត្រាឆ្លងថ្មី និងអត្រាអ្នកស្លាប់ក្នុងរយៈពេលមួយថ្ងៃៗមានការថយចុះខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ ។
ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ឥណ្ឌារកឃើញចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៤៦,១៤៨នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងជំងឺនេះសរុប កើនឡើងដល់ ៣០,២៧៩,៣៣១នាក់ ។ ដោយឡែកចំនួនអ្នកស្លាប់វិញគឺប្រមាណ ៩៧៩នាក់ ដែលនេះជាអត្រាស្លាប់ប្រចាំថ្ងៃធ្លាប់ចុះក្រោមចំនួន១ពាក់នាក់ជាលើកដំបូង គិតនៅក្នុងរយៈពេលពីរខែកន្លះមកនេះ ។ បើគិតចំនួនអ្នកស្លាប់សរុបដោយសារជំងឺនេះរហូតដល់ពេលនេះមានចំនួន ៣៩៦,៧៣០នាក់ ។
បើតាមក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងថា ចំនួនអ្នកជំងឺកំពុងស្ថិតក្នុងការព្យាបាលវិញ ក៏បានថយចុះបន្ថែមទៀតដែរ មកនៅត្រឹមជិត ៥៧៣,០០០នាក់ ខណៈចំនួនអ្នកជាសះស្បើយរាប់ម៉ឺននាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យ នៅក្នុងមួយថ្ងៃៗ ។ ប៉ុន្តែបើទោះបីយ៉ាងណាក្តីឥណ្ឌានៅតែជាប្រទេសមួយដែលស្ថិតក្នុងការព្រួយបារម្ភខ្លាំងពីជំងឺនេះនៅឡើយនោះទេ ពិសេសព្រួយបារម្ភនឹងវីរុស Delta Plus ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់យ៉ាងឆាប់រហ័សផងដែរ ៕