ស្ទឹងត្រែង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗយកទៅសួរនាំ បន្ទាប់ពីបុរសរូបនេះខឹងនឹងប្រពន្ធហើយបង្ហូរសាំងពីម៉ូតូដុតផ្ទះចោលធ្វើឱ្យភ្ញាក់ផ្អើលពេញភូមិ កាលពីវេលាម៉ោង៤ និង៤៥នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅក្រោយភោជនីយដ្ឋានសមភាពថ្មី ក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញគ្រួសារនៅផ្ទះកើតហេតុខាងលើឈ្លោះប្រកែកគ្នា ហើយគេឃើញប្រពន្ធបានរត់ចេញពីផ្ទះ ក្រោយមកប្តីក៏យកម៉ូតូមកបង្ហូរសាំងចេញ ហើយក៏ដុតតែម្តង រួចដើរចេញធ្វើព្រងើយ។ ឃើញដូច្នេះអ្នកជិតខាងបានស្រែកថា ផ្ទះឆេះហើយម៉េចមិនទៅពន្លត់?! ជនសង្ស័យជាប្តីនោះឆ្លើយថា បើវាឆេះហើយឲ្យវាឆេះទៅ ! ។ បន្ទាប់មកប្រជាពលរដ្ឋ និង សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់និងឃាត់ខ្លួនជនសង្ស័យជាប្តីភ្លាមៗ និងបានហៅស្ត្រីប្រពន្ធមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសួរនាំរកមូលហេតុពាក់ព័ន្ធនឹងករណីខាងលើនេះ ។
ពាក់ព័ន្ធករណីនេះសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះហេង វិបុល ជាមន្ត្រីយោធា ចំណែកប្រពន្ធធ្វើជាគ្រូបង្រៀន ។ ចំពោះផ្ទះដែលភ្លើងឆេះខាងលើផ្តើមចេញពីការឈ្លោះប្រកែកគ្នារឿងជំពាក់លុយធនាគារ និងលុយរាយរងក្រៅផ្សេងទៀត ដែលបុរសជាប្តីមិនដឹងឮព្រោះប្រពន្ធជំពាក់គេសងមិនចេះរួច ទើបបង្កហិង្សាកើតឡើង ហើយប្រពន្ធភ័យខ្លាចក៏រត់ចេញទៅក្រៅផ្ទះ។ ក្រោយមកប្តីជាជនសង្ស័យខាងលើខឹងក៏ធ្វើសកម្មភាពចាក់សាំងចេញពីម៉ូតូដុតផ្ទះចោលតែម្តង ដែលបង្កឲ្យខូចខាតសម្ភារទាំងស្រុង ។
បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួននៅស្នងការដ្ឋានដើម្បីសួរនាំបន្តនីតិវិធីករណីដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយចេតនា និងហិង្សា៕