ប៉េកាំង៖ ហេតុការណ៍ផ្ទុះបំពង់ឧស្ម័នយ៉ាងកក្រើកមួយនៅតំបន់ភាគកណ្តាលប្រទេសចិន កាលពីព្រឹកថ្ងៃអាទិត្យនេះបានបណ្តាលឲ្យមនុស្សយ៉ាងហោច១១នាក់បានបាត់បង់ជីវិត ។ នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ។
ពាក់ព័ន្ធនឹងករណីនេះអាជ្ញាធរចិនប្រចាំតំបន់កើតហេតុបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៦៖៣០នាទីព្រឹក (ម៉ោងនៅប្រទេសចិន) ក្នុងសង្កាត់ចាងវ៉ាន (Zhangwan) នៅទីក្រុងស្ស៉ីយ៉ាន (Shiyan) នៃខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេស។ ក្រោយពេលកើតហេតុភ្លាមៗ អាជ្ញាធរបាននិយាយថា មានមនុស្សជាច្រើននាក់បានជាប់ខ្លួន ។
ទន្ទឹមនឹងនេះបើតាមការចេញផ្សាយពីទូរទស្សន៍រដ្ឋCCTV របស់ចិន មនុស្សយ៉ាងតិច១១នាក់បានស្លាប់ ខណៈខ្ទង់១៥០នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះ ក្នុងនោះមាន ៣៧នាក់ រងរបួសធ្ងន់។ រីឯប្រតិបត្តិការជួយសង្រ្គោះ ហាក់កំពុងបន្តប្រព្រឹត្តទៅនៅឡើយ។ ចំណែក មូលហេតុដែលបង្កឲ្យមាន ហេតុការណ៍ផ្ទុះបំពង់ឧស្ម័ននេះ គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ៕