ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះបានបង្ហាញករណីបង្ក្រាបការជួញដូរគ្រឿងញៀន ៣ករណី ឃាត់ខ្លួន៤នាក់ និងរឹបអូសគ្រឿងញៀនជិត៤ គីឡូក្រាមនៅរាជធានីភ្នំពេញ។
ករណីទី១ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០:៣០នាទី កម្លាំងជំនាញ(ក៦) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហម គន្ធី ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុចផ្លូវលំ ផ្ទះជួល ស្ថិតក្នុងភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យ២នាក់មាន ឈ្មោះ សេង ស៊ីនួន ហៅ ម៉ាលីស ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ អ៊ុក ធី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្នែរ និងចាប់យកវត្ថុតាងបាន -គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ 1587,84g ។
ករណីទី២៖ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០១:០៥នាទី រំលងអធ្រាត្រ កម្លាំងជំនាញ(ក១១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អាំ សុជាតិ និងលោកវរ:សេនីយ៍ យា ប៊ុនណារត្ន័ន៍ នាយករងមន្ទីរ ព្រមទាំងមានកាសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំ បានបើកការស្រាវជ្រាវ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុច ផ្ទះសំណាក់ សម្បត្តិលាភ បន្ទប់លេខ២៤ ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជាលទ្ធផលក្នុងករណីនេះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៅ ចិត្រា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។ ចាប់យកវត្ថុតាងបាន ម្សៅក្រាមពណ៌ស សង្ស័យមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ស្មើទម្ងន់ 993,49g ។
ករណីទី៣៖ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣:៣០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរ:សេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) ព្រមទាំងមានកាសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច គល់ស្ពានស្ទឹងមានជ័យ ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាលទ្ធផលក្នុងករណីនេះកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ថៃតាំ ភេទប្រុ អាយុ៣០ឆ្នាំ ជនជាតិខ្មែរនិងចាប់យកវត្ថុតាងបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ៣កញ្ចប់តូច ស្មើទម្ងន់ 1294,39 g ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕