ភ្នំពេញ៖ ដោយសារការនិយាយឌឺដងដៀមដាមដាក់គ្នា មើលមុខគ្នាមិនត្រង់ ទើបក្មេងទំនើងប្រុសស្រីពីរក្រុមដែលបានចូលអង្គុយផឹកស៊ីនៅហាងផាំ ឃីន PK ក្នុងបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានបង្កហិង្សាវាយតប់គ្នាធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍នាំខ្លួនភាគីទាំងសងខាងទៅកាន់ប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់ ដើម្បីសួរនាំកាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានយុវជនប្រុសស្រីស្ទាវៗពីរក្រុមបានចូលមកផឹកស៊ីក្នុងហាងផាំ ឃីន PK កោះពេជ្រ ។ ផឹកស៊ីនៅតុក្បែរគ្នាបាននិយាយឌឺដង ឌាមដាមដាក់គ្នាទៅវិញទៅមកធ្វើឲ្យពួកគេផ្ទុះកំហឹងបង្កឲ្យមានអំពើហិង្សាវាយតប់គ្នាមួយប្រាវផ្អើលដល់កងសន្តិសុខ និងសមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ភ្លាមៗ ។ ក្នុងករណីហិង្សាខាងលើនេះមិនមានអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ខណៈសមត្ថកិច្ចមូលដ្ឋានបានឃាត់ភាគីម្ខាងបានម្នាក់ និងភាគីម្ខាងទៀតមានគ្នា៤-៥នាក់ដែលតាំងខ្លួនជាអ្នករងគ្រោះ យកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីសួរនាំ ។
បន្ទាប់ពីការយកទៅសួរនាំ និងសម្រុះសម្រួលសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានធ្វើការអប់រំណែនាំដល់ពួកគេទាំងសងខាង និងធ្វើកិច្ចសន្យាកុំឲ្យកើតមានជម្លោះបែបនេះទៀត រួចក៏ឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕