(ភ្នំពេញ)៖ ផ្ទះបណ្តែតទឹកតូច-ធំ និងសំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្តរុះរើជាបណ្តើរៗហើយ នៅថ្ងៃទី៧-៨ ខែមិថុនានេះ ខណៈដែលថ្ងៃឱសានវាទ នៃការអនុវត្តវិធានរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ កាន់តែខិតជិតមកដល់ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេលមួយសប្តាហ៍ឱ្យម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ពីទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះ។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យ បែរត្រី និងផ្ទះបណ្តែតទឹកក្នុងភូមិសាស្រ្តខណ្ឌ។ ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នោះឃើញថា ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេបានស្ម័គ្រចិត្តរុះរើបាន ៤ទៅ ៥កន្លែងហើយ ហើយក្រៅពីនោះពួកគាត់ក៏បានសន្យាថា នឹងរុះរើជាបណ្តើរៗទៀត។
លោកបន្តថា រដ្ឋបាលខណ្ឌ បានកំណត់យកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ជាថ្ងៃដែល អាជ្ញាធរប្រើវិធានការរដ្ឋបាល ចុះទៅរុះរើ ដោយមិនទទួលការខុសត្រូវរាល់ការខូចខាត និងប្រឈមមុខច្បាប់ថែមទៀត។
ចំណែកលោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៨ ខែមិថុនាថា ជុំវិញវិធានការទៅផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេនេះ ចំពោះអាជ្ញាធរខណ្ឌច្បារអំពៅ តែងបានចុះផ្សព្វផ្សាយ និងប្រគល់ជូនសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញជូនទៅពួកគាត់គ្រប់គ្នាដើម្បីឱ្យពួកគាត់ រុះរើសំណង់ទាំងអស់នោះចេញមុន១សប្តាហ៍។
ប៉ុន្តែបើគិតមកដល់ត្រឹមថ្ងៃទី៨ ខែមិថុនានេះ បងប្អូនម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានរុះរើជាបណ្តើរៗហើយ ពិសេសគឺបែត្រីតែម្តង។
ដោយឡែក សម្រាប់ខណ្ឌព្រែកព្នៅវិញ ពាក់ព័ន្ធនឹងការអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីខាងលើនេះដែរ បើតាមមន្ត្រីរដ្ឋបាលខណ្ឌបានបញ្ជាក់ឱ្យដឹងថា នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មានផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេចំនួន២៩២កន្លែង ស្មើចំនួន៣០៨គ្រួសារ ពួកគាត់ទាំងអស់ត្រូវបានអាជ្ញាធរខណ្ឌប្រគល់សេចក្តីជូនដំណឹងដល់ដៃគ្រប់គ្នាហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ត្រីនោះ មិនបានបញ្ជាក់ពីការរុះរើផ្ទះទឹកទាំងនេះបានប៉ុន្មាននូវឡើយទេ៕