កំពត៖ អ្នកដំណើរបានប្រទះឃើញ បុរសម្នាក់ស្លាប់នៅលើផ្លូវដោយមានឈាមជោកជាំ និងផ្នែកខ្លះនៃរាងកាយបែកខ្ទាត ឆ្ងាយពីខ្លួនបង្កក្តីសង្ស័យថាជារឿងឃាតកម្ម នៅលើ ដងផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិកំពង់ត្នោតឃុំកូនសត្វស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាទៀបភ្លឺថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ ។
លោកស៊ូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះក្នុង ហេតុការណ៍ខាងលើឈ្មោះ អ៊ៅ ចន្ថា អាយុ៥៤ ឆ្នាំមានទីលំនៅភូមិអូរក្រសារសង្កាត់អូរ ក្រសារក្រុងកែបខេត្តកែប ជានគរបាលការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តកំពត ។
លោកអធិការបានប្រាប់ឲ្យដឹងបន្តថា កាលពីវេលាម៉ោង៤ទៀបភ្លឺសមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋនូវការប្រទះឃើញសពបុរសម្នាក់លើកំណាត់ផ្លូវជាតិលេខ៣៣ចន្លោះ បង្គោលគីឡូម៉ែត្រលេខ១១-១២ ស្ថិតក្នុងភូមិកំពង់ត្នោតឃុំកូនសត្វ ។ ភ្លាមៗកម្លាំង អធិការដ្ឋានស្រុកសហការជាមួយមន្ត្រីបច្ចេកទេសបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើ កោសល្យវិច័យ ។
បើតាមលោកស៊ូ ប៊ុនធឿន បានបញ្ជាក់ថា ក្រោយការផ្គូរផ្គង និងពិនិត្យយ៉ាងល្អិតល្អន់មន្ត្រី បច្ចេកទេសបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះរូបនេះបណ្តាលមកពីគ្រោះថ្នាក់ ចរាចរពោលគឺ មិនមែនជាករណីឃាតកម្មបង្កឡើងដោយជនណាម្នាក់ទេ ។ ផ្អែកតាមស្លាកស្នាមឃើញថា ជនរងគ្រោះបានបើករថយន្តមកពីទិសខាងលិចរួចចតអែបផ្លូវខាងស្ដាំហើយចុះដើរឆ្លងទៅផ្នែកខាងឆ្វេង ។ ស្របពេលនោះក៏មានរថយន្តធុនធំ មួយគ្រឿងបើកមកប៉ះបណ្តាលឱ្យដួលបែកក្បាលហើយរថយន្តមិនស្គាល់អត្តសញ្ញាណនោះក៏គេចបាត់តែម្តង ៕