កីឡាជាតិ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បញ្ជាក់ថា ពេលនេះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានសម្រេចអនុញ្ញាតជាគោលការណ៍លើការកំណត់ប្រភេទកីឡា វិញ្ញាសា និងទីលានប្រកួត (ជាបឋម) ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយ។
ឯកឧត្តមបន្ថែមថា នៅក្នុងចំណារឯកភាពនេះ CAMSOC បានកំណត់នូវប្រភេទកីឡាចំនួន៤០ និងត្រៀមប្រកួតលើទីតាំងធំៗចំនួន៥ ដូចជាភ្នំពេញ, ខេត្តសៀមរាប, ខេត្ដព្រះសីហនុ, , ខេត្តកំពត និងខេត្តកែប។ ៤០ប្រភេទកីឡាដែលកំណត់ជាបឋមនេះត្រូវបានបែងចែកជា៣ចំណាត់កម្រិត ដោយទី១ប្រភេទកីឡាកាតព្វកិច្ចត្រូវតែដាក់ឲ្យចូលរួម ដូចជាប្រភេទកីឡាអត្តពលកម្ម និងកីឡាហែលទឹក។ ទី២-ប្រភេទកីឡាអូឡាំពិក និងកីឡាអាស៊ី ដូចជាប្រភេទកីឡាកាយសម្ព័ន្ធ, បាញ់កាំភ្លើង, តេក្វាន់ដូ WT, ទោចក្រយាន, គុនដាវ, យូដូ, វូស៊ូ, ចំបាប់, ប្រដាល់សកល, ការ៉ាតេ, កីឡារាំ, ទ្រីយ៉ាត្លុង, ជូជិតស៊ូ, លើកទម្ងន់, កីឡាទូក (ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីង), បាល់ទាត់, បាល់ទះ, បាល់បោះ, ស៊ីដក់-ឈិនឡូន, វាយកូនឃ្លីលើតុ, វាយសី, វាយកូនបាល់, វាយកូនហ្គោល, ហុកគី, ជិះសេះ, ទូកក្ដោង និងកីឡាសូហ្វតេន្នីស។ ទី៣-ប្រភេទកីឡាក្នុងតំបន់ និងប្រភេទកីឡាប្រពៃណី មានដូចជាកីឡាវ៉ូវីណាម, ប្រដាល់គុនខ្មែរ, ឃីគបុកស៊ីង, ម៉ូតូទឹក, Finswimming, ប៉េតង់, កាយវប្បកម្ម, កីឡាអុក, កីឡាអេឡិចត្រូនិច, គុនល្បុក្កតោ និងកីឡាតេក្វាន់ដូ ITF។
នៅក្នុងចំណោម៤០ប្រភេទកីឡានេះនឹងត្រូវវិនិច្ឆ័យ និងជម្រុះចេញខ្លះ នៅត្រឹម៣០ទៅ៣៥ប្រភេទកីឡា តាមផែនការមេស៊ីហ្គេម ឆ្នាំ២០២៣ ជាពិសេសគឺការកំណត់ចំនួនប្រភេទកីឡាជាមានគុណភាពបច្ចេកទេស ក្រោយបញ្ចប់ស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ជាមួយគ្នានោះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានជំរុញលើកទឹកចិត្តឲ្យសហព័ន្ធកីឡាជាតិនានាគប្បីត្រូវតែប្រឹងប្រែងអភិវឌ្ឍគុណផលបច្ចេកទេសឲ្យបានល្អ ដើម្បីជំរុញឲ្យការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួន។
សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានកំណត់យកនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ និងពិធីបិទគ្រោងធ្វើឡើងនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាដែរនោះ គ្រោងនឹងធ្វើឡើងពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕