ភ្នំពេញ៖ ជនល្មើសប្រុសស្រី២នាក់ ជិះម៉ូតូកាន់កាំបិតប៉័ងតោមកកាប់បុរសម្នាក់ ឈ្មោះ ម៉ែន រដ្ឋា អាយុ៣១ឆ្នាំ ជាបុគ្គលិកទីផ្សារផ្នែកលក់ បណ្តាលអោយរងរបួសធ្ងន់កើតឡើងកាលពីវេលាម៉ោង២១៖៥៥នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នៅចំណុចមុខមជ្ឈមណ្ឌលម៉ូឌែន២ ក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ចំណែកជនល្មើស បានជិះគេចខ្លួនបាត់ស្រមោល ។
យោងតាមពាក្យបណ្តឹង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះ ស្ត្រីឈ្មោះ ម៉ែន ម៉ារ៉ាដេត ជាម្តាយរបស់ជនរងគ្រោះ ថ្លែងថា នៅយប់កើតហេតុ កូនប្រុសបានចេញពីធ្វើការសំដៅមកផ្ទះនៅក្រុងតាខ្មៅ ស្រាប់តែជនល្មើស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Honda Beat មិនចាំផ្លាកលេខ យកកាំបិតប៉័ងតោ កាប់មកលើកូនប្រុសបណ្តាលអោយរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយកើតហេតុ ជនល្មើសទាំង២នាក់ បានជិះម៉ូតូរត់គេចខ្លួន ខណៈម្តាយជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ ដែលសង្ឃឹមថា សមត្ថកិច្ចនឹងចាប់ខ្លួនជនល្មើសបាននាពេលឆាប់ៗខាងមុខនេះ ។
ដោយពេលជនល្មើសធ្វើសកម្មភាព រួចហើយ នោះ គឺ ជនរងគ្រោះបានចុចពន្លត់ម៉ាស៊ីនរបស់ម៉ូតូ ព្រោះម៉ូតូជនរងគ្រោះមានប្រព័ន្ធ ទោះបីយ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត ដើម្បីបញ្ជាក់ការពិតថា ជាករណីប្លន់ ឬ ជាករណីគំនុំ ៕