ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ី អាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)បានកំណត់ជ្រើសរើសទីតាំងនៃទីលានប្រកួតនៅរាជធានី-ខេត្តចំនួន៥ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ។ ការកំណត់ជ្រើសរើសទីតាំងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈអចិន្ត្រយ៍ CAMSOC តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ។
បើតាមអគ្គលេខាធិការ CAMSOC ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ទីតាំងធំៗចំនួន៥រាជធានី-ខេត្តនេះ មានដូចជារាជធានីភ្នំពេញ ខេត្ដសៀមរាប ព្រះសីហនុ កែប និងខេត្តកំពត ដែលត្រូវបានកំណត់រួចហើយ ក្នុងគណៈអចិន្ត្រៃយ៍ ប៉ុន្តែត្រូវតែគោរពស្នើសុំការសម្រេចពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានCAMSOC ដើម្បីយកធ្វើជាកន្លែងរៀបចំការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះគឺផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន២ ទី១-ការកំណត់ទីតាំង នៃទីលានប្រកួតកីឡាស៊ីហ្គេម ដែលមានកីឡា៤០ប្រភេទត្រូវកំណត់ទីតាំង និងទី២-ពិភាក្សាពីកម្មវិធីលម្អិត សម្រាប់ពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អគ្គលេខាធិការ CAMSOC បានបន្ថែមថា ការកំណត់ទីលានប្រកួតនេះត្រូវបានសហព័ន្ធកីឡាជាតិភាគច្រើនបានឯកភាព និងយល់ស្របទៅនឹងការរៀបចំទីលានប្រកួតរបស់គណៈកម្មការទីលាននៃCAMSOC លើកលែងតែខេត្តកំពត ដែលគ្រោងរៀបចំការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ ត្រូវបានសហព័ន្ធស្នើសុំឱ្យគណៈកម្មការជំនាញចុះពិនិត្យទីតាំងថ្មី នៅជាយក្រុងភ្នំពេញ។ សម្រាប់ខេត្តសៀមរាប ត្រូវបានជ្រើសរើសសម្រាប់រៀបចំការប្រកួតប្រណាំងកង់, ខេត្តព្រះសីហនុ រៀបចំការប្រកួតម៉ូតូទឹក និងកីឡាទូកក្ដោង ហើយខេត្តកែប ត្រូវប្រកួតទ្រីយ៉ាងត្លុង។ រីឯខេត្តកំពត គឺត្រៀមការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ (មិនទាន់សម្រេចទេ)។ ចំណែកប្រភេទកីឡាភាគច្រើន ត្រូវប្រកួតនៅរាជធានីភ្នំពេញ ពិសេសនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ ។
ឯកឧត្តមអគ្គលេខាធិការ បានសង្កត់ធ្ងន់ថា នេះគ្រាន់តែជាកិច្ចប្រជុំគណៈអចិន្រ្ដៃយ៍ CAMSOC ដើម្បីរៀបចំបញ្ជូន និងស្នើសុំសេចក្ដីសម្រេចលើទីតាំង នៃទីលានប្រកួតកីឡាស៊ីហ្គេម ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ពោលគឺមិនទាន់សម្រេចត្រឹមកិច្ចប្រជុំនេះឡើយ ហើយក្រោយធ្វើការកំណត់ទីលានប្រកួតកីឡាទូករួច គណៈអចិន្រ្ដៃយ៍នឹងធ្វើរបាយការណ៍ជូនសម្ដេចពិជ័យសេនាតែម្ដង។ ចំពោះពិធីបើក-បិទ ដែលត្រូវធ្វើកម្មវិធីគម្រោងលម្អិតពីដើម រហូតដល់ចប់ នឹងត្រូវពិភាក្សាគ្នានាពេលក្រោយទៀត ។
សូមបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការ អាស៊ានប៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នៅកម្ពុជានេះ គឺនៅសល់ពេលជិត២ឆ្នាំប៉ុណ្ណោះ ស្របពេលដែលព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងប្រារព្ធពិធីបើកផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣៕