ភ្នំពេញ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថា ពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាចទិញផលិតផលសាច់ និងស៊ុតពីសមាគមរបស់លោកក្នុងតម្លៃពិសេសបំផុត។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងឱកាសដឹកជញ្ជូនសាច់ និងស៊ុត សម្រាប់លក់ជូនពលរដ្ឋនៅផ្សារត្រពាំងថ្លឹង នារសៀលថ្ងៃទី២៨ ខែមេសានេះ លោក ស្រុន ពៅ បានបញ្ជាក់ថា សម្រាប់សាច់មាន់មួយក្បាលទម្ងន់២គីឡូក្រាម គឺលក់ក្នុងតម្លៃ១ម៉ឺនរៀល ខណៈ
សាច់ជ្រូកមួយគីឡូក្រាម តម្លៃ២ម៉ឺនរៀល និងស៊ុតមាន់ មួយគ្រាប់ តម្លៃ៣០០រៀលប៉ុណ្ណោះ។ ដោយឡែក ឆ្អឹងស៊ុបវិញ គឺមួយគីឡូក្រាម តម្លៃ១ម៉ឺនរៀល ឬតម្លៃក្រោមនេះ ទៅតាមប្រភេទឆ្អឹង។
លោកបន្តថា ការលក់បែបនេះ សម្រាប់ថ្ងៃស្អែក គឺនៅឫស្សីកែវ និងនៅថ្ងៃខានស្អែក នៅក្រុងតាខ្មៅ ដើម្បីឱ្យពលរដ្ឋនៅតាមតំបន់នីមួយៗ អាចទទួលបានសាច់ និងស៊ុត ខណៈរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលមួយសប្តាហ៍ទៀត។
លោកបញ្ជាក់ថា សម្រាប់ត្រី និងសាច់នៅកម្ពុជា គឺមានមិនខ្វះនោះទេ ដោយកសិករបានបង្កើនការចិញ្ចឹម បន្ទាប់ពីបានទទួលទុនឥណនាពីរាជរដ្ឋាបាលកម្ពុជាដែលផ្តល់ក្នុងតម្លៃសរុប៥០លានដុល្លារសម្រាប់កសិករធ្វើការចិញ្ចឹមសត្វ៕