ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីប៉ូលិសអាមេរិក បានបាញ់បុរសស្បែកខ្មៅវ័យក្មេងម្នាក់ បណ្តាលឲ្យបាត់បង់ជីវិត នៅឯទីក្រុង Minneapolis ជាទីដែលអតីតមន្រ្តីប៉ូលិសម្នាក់ កំពុងស្ថិតក្រោមការជំនុំជម្រះក្តៅ សម្រាប់ការសម្លាប់បុរសស្បែកខ្មៅលោក George Floyd បង្កឲ្យមានបាតុកម្ម ប្រឆាំងនឹងប៉ូលិស។
ក្រុមអ្នកតវ៉ាប្រហាររយនាក់ បានប្រមូលផ្តុំគ្នា នៅខាងក្រៅស្ថានីយប៉ូលិស ប្រចាំតំបន់ Brooklyn Center នៅភាគពាយព្យទីក្រុង Minneapolis នៃរដ្ឋ Minnesota។ យោងតាមការអះអាងរបស់ភ្នាក់ងារយកព័ត៌មានរបស់ AFP នោះ កងកម្លាំងប៉ូលិសអាមេរិក ដែលស្ថិតក្នុងសម្លៀកបំពាក់សម្រាប់បង្រ្កាបកុបកម្ម បានប្រើឧស្ម័នបង្ហូរទឹកផ្នែក និងគ្រាប់បែកស្រវាំង ទៅលើក្រុមអ្នកតវ៉ាទាំងនោះ។
ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្ម នៃទីក្រុង Minneapolis បានឲ្យដឹងថា ពួកគេកំពុងស៊ើបអង្កេតករណីបាញ់ប្រហារមួយ ពាក់ព័ន្ធជាមួយមន្រ្តីប៉ូលិស ដែលកើតឡើងនៅតំបន់ Brooklyn Center ប៉ុន្តែមិនបានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះឡើយ។ យ៉ាងណាក្តី ជនរងគ្រោះត្រូវគេជឿជាក់ថា ជាបុរសស្បែកខ្មៅម្នាក់វ័យ២០ឆ្នាំ ឈ្មោះ ដនធី រ៉ាយ (Daunte Wright)។
បើតាមម្តាយជនរងគ្រោះ រូបគេនិងមិត្តស្រី ត្រូវបានប៉ូលិសហៅឲ្យឈប់រថយន្ត ហើយក្រោយមកក៏ឈានដល់មានការបាញ់ប្រហារ ពីប៉ូលិសទៅលើកូនប្រុសរបស់គាត់។ ដោយឡែក បើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសតំបន់ Brooklyn Center គឺខាងមន្រ្តីប៉ូលិសបាន ហៅរថយន្តរបស់លោក Daunte Wright ឲ្យឈប់ ដោយសារល្មើសច្បាប់ចរាចរណ៍ ហើយនៅពេលរកឃើញថា បុរសម្នាក់នោះ ធ្លាប់មានឈ្មោះក្រោមដីកាឃាត់ខ្លួនកន្លងមក ពួកគេបានព្យាយាមឃាត់ខ្លួនលោក Wright ប៉ុន្តែលោក Wright មិនព្រម ហើយគេចខ្លួនចូលក្នុងរថយន្តវិញ ទើបបង្កឲ្យប៉ូលិសម្នាក់ដកកាំភ្លើងបាញ់តែម្តង។
គួរបញ្ជាក់ថា ករណីបាញ់ប្រហារនេះ កើតមានឡើងស្របពេលដែល អតីតមន្រ្តីប៉ូលិសស្បែកសអាមេរិកម្នាក់ ឈ្មោះ Derek Chuavin កំពុងបន្តស្ថិតក្រោមសវនាការជំនុំជម្រះក្តី ជុំវិញការចោទប្រកាន់ពីបទសម្លាប់មនុស្ស ពាក់ព័ន្ធការស្លាប់របស់ពលរដ្ឋអាមេរិកស្បែកខ្មៅ ឈ្មោះ George Floyd នៅទីក្រុង Minneapolis កាលពីខែឧសភា ឆ្នាំ២០២០។ ការស្លាប់របស់លោក Floyd បានបង្កឲ្យផ្ទុះចលនាបាតុកម្ម ប្រឆាំងការរើសអើងពូជសាសន៍ និងអំពើហិង្សារបស់ប៉ូលិស ដែលអូសបន្លាយរាប់ខែ នៅទូទាំងសហរដ្ឋអាមេរិក៕