បរទេស៖ ក្រោយពេលតារាល្បីៗរបស់ប្រទេសភូមា បានងើបឡើង តវ៉ាប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធា ហើយអំពាវនាវឲ្យពិភពលោកជួយដល់ប្រទេស និងប្រជាពលរដ្ឋរបស់ពួកគេដែលកំពុងតែរងគ្រោះនោះមក របបយោធា នៃប្រទេសនវ បានចេញដីកា ប្រកាសចាប់ខ្លួនអ្នកល្បីៗទាំងនោះ។
សារព័ត៌មាន Global Nes Light ដែលគ្រប់គ្រង ដោយរបបយោធា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានផ្សព្វផ្សាយថា បុគ្គលមានឥទ្ធិពលជាច្រើនរូប នៅក្នុងសង្គម រួមមានទាំងតារាចម្រៀង តារាភាពយន្ត តារាបង្ហាញម៉ូដ រហូតដល់បវរកញ្ញា សុទ្ធតែស្ថិតក្នុងបញ្ជីឈ្មោះ ត្រូវចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ប្រឆាំងនឹងយោធា និងបង្កហិង្សា»។
របបយោធារបស់ប្រទេសភូមា បានចោទប្រកាន់មនុស្សល្បីល្បាញទាំងនោះ ពីការបំពានច្បាប់ តាមមាត្រា ៥០៥ (A) នៃក្រមព្រហ្មទណ្ឌ ដោយបានផ្សព្វផ្សាយព័ត៌មាន បង្កឲ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខជាតិ។ បើតាមក្រមព្រហ្មទណ្ឌនេះ អ្នកដែលត្រូវរបបយោធាចាប់ខ្លួនបាន អាចប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំ។
ប្រទេសភូមា ធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយយ៉ាងធ្ងន់ធ្ងរ ក្រោយពេលលោកឧត្ដមសេនីយ៍ មីន អ៊ុងឡាង បានដឹកនាំកម្លាំងទ័ព ធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី ក្រុមប្រឹក្សារដ្ឋ និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលស៊ីវិលជាច្រើនរូបទៀត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ រដ្ឋប្រហារយោធានេះ បានបណ្ដាលឲ្យមានការតវ៉ាប្រឆាំងពីសំណាក់ប្រជាពលរដ្ឋដគ្រប់ស្រទាប់វណ្ណៈ រួមមា ក្រុមគ្រូពេទ្យ សាស្រ្ដាចារ្យ តារាល្បីៗ សិស្ស និស្សិត មន្រ្ដីរដ្ឋការ និងប្រជាពលរដ្ឋស៊ីវិល។
ដោយឡែកពួកយោធាវិញ ក៏បានបង្រ្កាបយ៉ាងឃោរឃៅទៅលើប្រជាពលរដ្ឋ ដែលគ្មានអាវុធ នៅក្នុងដៃ បណ្ដាលឲ្យមនុស្សជា៥០០នាក់បាត់បង់ជីវិត ហើយពលរដ្ឋភូមានៅតែបន្ដបាត់បង់ជីវិតជារៀងរាល់ថ្ងៃ។ រហូតមកដល់ពេលនេះ ពួកយោធា បានចេញដីការតាមចាប់ខ្លួនបុគ្គលល្បី ចំនួន៦០នាក់ ដោយចោទប្រកាន់ទៅលើក្រុមតារាទាំងនោះ ពីការបង្កើនសកម្មភាពឃោសនា ញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងយោធា។
តារាសម្តែងដ៏ល្បីល្បាញមួយរូបរបស់ភូមា នាង May Toe Khine បានសរសេរថា ឈ្មោះនាងស្ថិតក្នុងបញ្ជីខ្មៅរបស់យោធា ត្រូវតាមចាប់ខ្លួន ក្រោមការចោទថា នាងបានប្រើប្រាស់បណ្តាញសង្គម ញុះញង់ឱ្យពលរដ្ឋ ធ្វើបាតុកម្មប្រឆាំងនឹងយោធា។ ប៉ុន្តែធាតុពិត នាងបាននិយាយតាមអ្វីដែលបានកើតឡើងតែប៉ុណ្ណោះ។
បើតាមអ្នកស្ថិតក្នុងបញ្ជីខ្មៅរបស់ពួកយោធានោះ ក៏បវរកញ្ញា Miss Grand Myanmar នាង Han Lay អាយុ២២ឆ្នាំផងដែរ។ ការចោទប្រកាន់របស់ពួកយោធានេះ បានកើតឡើង ក្រោយពេលនាងចូលរួមប្រឡងបវរកញ្ញាសន្តិភាពអន្តរជាតិ នៅក្នុងប្រទេសថៃ ហើយនាងបានអំពាវនាវដល់សហគមន៍អន្តរជាតិ សុំឱ្យជួយដល់ពលរដ្ឋភូមា ក្រោយពេលពួកយោធាប្រើប្រាស់អំពើហិង្សា បណ្តាលឲ្យមនុស្សជាច្រើននាក់បានស្លាប់។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ នាង Han Lay កំពុងស្ថិតក្នុងប្រទេសថៃ នៅឡើយ ហើយនាងមិនទាន់ហ៊ានទៅកាន់ប្រទេសភូមាវិញទេ ព្រោះនាងខ្លាចពួកយោធាចាប់ខ្លួននាង។
សូមជម្រាបថា គិតចាប់តាំងពីការធ្វើរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូមកដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ក្រុមបាតុករអហិង្សា ចំនួន៥៧០នាក់ ត្រូវបានពួកយោធាបាញ់សម្លាប់ ហើយក្នុងនោះមានកុមារ៤៧នាក់។ ដោយឡែកមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន៕