ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងស្ទាវ៤នាក់ ត្រូវបាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ខណៈពេលដែលពួកគេ បានប្រដាប់ដោយអាវុធគ្រប់ប្រភេទមានតាំងពីដាវកែច្នៃ ពូថៅកែច្នៃ ជំពាមកៅស៊ូ និងពូថៅ ទៅអង្គុយរងចាំ សងសឹកគំនុំចាស់។
លោកវរសេនីយ៍ត្រីយ៉ាន់ សុវណ្ណមេបញ្ជាការមូលដ្ឋានអ.ហក្រុងសិរីសោភ័ណបានឱ្យដឹងថា កងកម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន០៤នាក់ រស់នៅភូមិបែកចាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណបន្ទាប់ពីមានករណីមួយកើតឡើងរវាងក្មេងស្ទាវចំនួន២ក្រុមមានជម្លោះ នឹងគ្នាក្នុងខណ:ពេលចេញពីផឹកទឹកត្នោតជូនៅចំណុចជើងភ្នំដូងព្រះ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
យុវជនទាំង៤នាក់នោះមានឈ្មោះ៖ ១.ឈ្មោះ សំណាង ជ័យ ភេទប្រុស អាយុ២១ឆ្នាំ ២.ឈ្មោះ គា ដែន ភេទប្រុស អាយុ២៤ឆ្នាំ ៣.ឈ្មោះ ពឿត ពឿយ ភេទប្រុស អាយុ២៤ឆ្នាំ និងទី៤.ឈ្មោះ ខ្លី ចូវ ភេទប្រុស អាយុ១៧ឆ្នាំ បាននាំគ្នាជិះម៉ូតូមកអង្គុយផឹកទឹកត្នោតជូនៅចំណុចជើងភ្នំដូងព្រះ ពេលផឹកស៊ីរួចក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅភូមិរបស់ខ្លួនវិញស្រាប់តែមានក្មេងស្ទាវ១ក្រុមទៀតជិះម៉ូតូចំនួន០៣គ្រឿងដេញតាមពីក្រោយដើម្បីបង្កទំនាស់ ប៉ុន្តែពេលនោះ ក្រុមក្មេងស្ទាវទាំង០៤នាក់ខាងលើបានជិះម៉ូតូទៅដល់ចំណុចភូមិពង្រ ស្ថិតក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណក៏នាំគ្នាគេចខ្លួនពួនបាត់បណ្តាលឲ្យ ក្មេងស្ទាវ០១ក្រុមទៀតដែលដេញតាមពីក្រោយនោះរកមិនឃើញក៏នាំគ្នាត្រឡប់ទៅវិញបាត់អស់ទៅ។
លោកវរសេនីយ៍ត្រីយ៉ាន់ សុវណ្ណបានឲ្យដឹងបន្តថា ក្រោយពីក្រុមក្មេងស្ទាវដែលដេញតាមបង្ករឿងត្រឡប់ទៅវិញបាត់អស់ ក្រុមក្មេងស្ទាវចំនួន០៤នាក់នេះក៏នាំគ្នាជិះម៉ូតូទៅភូមិរបស់ខ្លួនវិញ លុះស្អែកឡើងក៏នាំគ្នាយកអាវុធកាន់ម្នាក់១ៗហើយនាំគ្នាជិះម៉ូតូត្រឡប់មកអង្គុយរងចាំនៅកន្លែងដែលពួកគេធ្លាប់ផឹកទឹកត្នោតជូ ដើម្បីសងសឹកដោះស្រាយគំនុំ។ ប៉ុន្តែ ត្រូវកម្លាំងរបស់លោកឃាត់ខ្លួនបានតែម្តង។
លោកវរសេនីយ៍ត្រីបន្ថែមថា ជនសង្ស័យទាំង០៤នាក់ក្រោយពីកម្លាំងជំនាញព្រហ្មទណ្ឌអ.ហ ក្រុងសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេពិតជាបានកាន់កាប់អាវុធសម្រាប់កាប់ប្រហារទៅលើក្រុមដែលបានជិះម៉ូតូដេញតាមបង្ករឿងដល់ពួកគេពិតប្រាកដមែន ប៉ុន្តែគួរឲ្យស្តាយគំនុំមិនទាន់បានជម្រះឲ្យបានដាច់ស្រឡះផងក៏ត្រូវក្រុមសម្ថកិច្ចធ្វើការឃាត់ខ្លួនបានតែម្តង។ ដោយទទួលបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យទាំង០៤នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌអ.ហក្រុងកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានអ.ហខេត្តចាត់ការបន្ត៕