បរទេស៖ ចិនបានអនុម័តប្រព័ន្ធច្បាប់ថ្មីមួយ ជ្រើសរើសបេក្ខភាពបោះឆ្នោត នៅក្នុងទីក្រុងហុងកុង ដោយអាជ្ញាធរសន្ដិសុខសាធារណៈ ត្រួតពិនិត្យ ដើម្បីឲ្យប្រាកដថា បេក្ខភាពទាំងនោះមានភាពស្មោះត្រង់ជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។
ទីភ្នាក់ងារសារព័ត៌មានស៊ីហួ គ្រប់គ្រងដោយរដ្ឋចិន បានរាយការណ៍ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ថា គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន បានអនុម័តជាឯកច្ឆ័ន្ទ លើការធ្វើវិសោធនកម្មច្បាប់ជាមូលដ្ឋានរបស់ហុងកុង។ វិសោធនកម្មច្បាប់នេះ កំណត់សម្រាប់នាយកប្រតិបត្ដិ និងក្រុមប្រឹក្សានីតិប្បញ្ញត្ដិ ហុង កុង ត្រូវត្រួតពិនិត្យ ដោយស្ថាប័នប៉ូលិស កំណត់ក្រោមច្បាប់សន្ដិសុខជាតិ សម្រាប់ហុងកុង ដែលបានចូលជាធរមាន កាលពីឆ្នាំទៅ។
វិសោធនកម្មនេះ បានកំណត់កៅអី នៅក្នុងក្រុមប្រឹក្សានីតិប្បញ្ញត្ដិ ត្រូវបានបង្កើនឡើង ពីបច្ចុប្បន្នមានតែ៧០អាសនៈ ទៅ៩០អាសនៈ ប៉ុន្ដែសម្រាប់តំណាងរាស្រ្ដ ដែលត្រូវបោះឆ្នោតដោយផ្ទាល់ ត្រូវកាត់បន្ថយ ពីបច្ចុប្បន្នចំនួន៣៥ មកនៅត្រឹម២០វិញ។ រីឯរដ្ឋាភិបាល ហុង កុង មានគម្រោងចាប់ផ្ដើមអនុវត្ដច្បាប់នេះ ពាក់ព័ន្ធនឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ដ្រៃយ៍សភាប្រជាជនចិន។
ដោយឡែកបណ្ដាញផ្សព្វផ្សាយ មានទំនាក់ទំនងជាមួយនឹងគណបក្សកុម្មុយនីស្ដចិន បានផ្សាយថា ប្រព័ន្ធច្បាប់ថ្មីនេះ ត្រូវគេរំពឹងថា នឹងចេញជារូបរាង នៅក្នុងខែឧសភា ខាងមុខនេះ។
ទីក្រុងហុងកុង មានគម្រោងបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្ដិ និងជ្រើសរើសនាយកប្រតិបត្ដិ (ចៅហ្វាយក្រុង) ចន្លោះពីចុងឆ្នាំនេះ រហូតដល់ពាក់កណ្តាលឆ្នាំ ២០២២ ។ ប៉ុន្តែការធ្វើវិសោធនកម្មនេះ នឹងដកកម្លាំងសំខាន់ៗរបស់ក្រុងប៉េកាំង ចេញពីឆាកនយោបាយ ដែលស្ទើរតែរារាំងផ្លូវ ឆ្ពោះទៅរកប្រជាធិបតេយ្យ នៅហុងកុង។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋហុងកុង បានប្រតិកម្ម ដោយកំហឹង និងស្រងាកចិត្ដយ៉ាងខ្លាំង ចំពោះវិសោធនកម្មច្បាប់នេះ។
ប្រជាពលរដ្ឋហុង កុង កាលពីឆ្នាំ២០១៩ បានផ្ទុះការធ្វើបាតុកម្មយ៉ាងខ្លាំង ប្រឆាំងនឹងការធ្វើវិសោធនកម្មលើច្បាប់ធ្វើបត្យាប័ន បញ្ជូនអ្នកទោសពីកោះហុងកុង ទៅកាត់ទោសនៅក្នុងប្រទេសចិន។ បាតុកម្មនោះបានរាលដាលកាន់តែខ្លាំងឡើង រហូតឈានដល់ការបង្ក្រាបយ៉ាពីអាជ្ញាធរ ហើយចិនបានបង្កើតច្បាប់សន្ដិសុខជាតិ សម្រាប់ហុងកុង នេះឡើង ដើម្បីបង្រ្កាបទៅលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ៕