បរទេស៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ថា នៅក្នុងខែមីនា ឆ្នាំ២០២១ វៀតណាមរកបានប្រាក់ចំណូល ពីផលិតផលកែច្នៃឈើ និងព្រៃឈើ ប្រហែល ១,៥២ពាន់លានដុល្លារអាមេរិក។
ក្នុងរយៈពេល៣ខែកន្លងមកនេះ វៀតណាមរកប្រាក់ចំណូលបានកើនឡើងជាង៣,៩៤ពាន់លានដុល្លារអាមេរិក ឬស្មើនឹង៤១,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះការនាំចេញឈើ និងផលិតផលធ្វើពីឈើ ជិត ៣,៧ ពាន់លានដុល្លារ កើនឡើង ៤១,៥ ភាគរយ ហើយការនាំចេញផលិតផល មិនមែនព្រៃឈើសម្រេចបាន ២៤៣លានដុល្លារ កើនឡើង ៣៨,៤ ភាគរយ។
រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម បានឲ្យដឹងថា ទីផ្សារនាំចេញដ៏សំខាន់ សម្រាប់ផលិតផលឈើ និងព្រៃឈើរបស់ប្រទេសវៀតណាម រួមមាន សហរដ្ឋអាមេរិក ជប៉ុន ចិន សហភាពអឺរ៉ុប និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលមានរហូតដល់៩០ភាគរយ នៃតម្លៃសរុប។
ដោយឡែក ផលិតផលកែច្នៃឈើ និងព្រៃឈើនាំចូល មានតម្លៃប្រហែល ២២៧លានដុល្លារអាមេរិក នៅក្នុងខែមីនា ហើយមានតម្លៃ៧០៩,៦លានដុល្លារ នៅក្នុងត្រីមាសទី១នេះ ឬស្មើនឹង៣១ភាគរយ នៅក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំកន្លងទៅនេះ។ ស្របគ្នានេះដែរ សហគ្រាសនានារបស់វៀតណាម កំពុងតែនាំចូលផលិតផលឈើ និងព្រៃឈើ ពីប្រទេសចិន អាមេរិក កាមេរូន ថៃ និងឈីលី មានប្រហែល៥៥ភាគយ នៃចំណូលនាំចូល។
រដ្ឋបាលព្រៃឈើវៀតណាម បានត្រូវបានគេរាយការណ៍ថា នៅក្នុងតំបន់ពាសពេញផ្ទៃប្រទេសវៀតណា បានដាំដើមឈើ ប្រហែល ៣១ ៤៩៨ហិកតារ រហូតមកឆ្នាំនេះ ឬស្មើនឹង១៦ភាគ ដោយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ៕