ខេត្តបន្ទាយមានជ័យ៖ ក្រោយពេលកើតមានករណីអារកសម្លាប់នារីវ័យក្មេងម្នាក់ នៅក្នុងទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះមក សមត្ថកិច្ចចម្រុះបានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ កាលពីវេលម៉ោងជាង៩យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងខេត្តសៀមរាប។
មន្រ្ដីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ មុខរបរជាបុគ្គលិកកាស៊ីណូ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេតបន្ទាយមានជ័យ។ នារីរងគ្រោះត្រូវបានឃាតកអារ.កសម្លាប់ ហើយត្រូវគេប្រទះឃើញ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២ ខែមីនាឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បន្ទាប់ពីកើតមានករណីឃាតកម្មដ៏សាហាវទៅលើនារីវ័យក្មេងម្នាក់ខាងលើនេះមក កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។ សមត្ថកិច្ចចម្រុះបានរកឃើញថា នេះជាករណីរំលោភសម្លាប់ ហើយនៅពេលឃាត់ខ្លួនជនសង័្សយ កម្លាំងសមត្ថកិច្ចដកហូតបានកាំបិតមួយ ដែលជាវត្ថុតាង សម្រាប់ធ្វើសកម្មភាព។ បច្ចុប្បន្នជនដៃដល់ ត្រូវបានកម្លាំងជំនាញកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នារីរងគ្រោះបានជួលបន្ទប់ស្នាក់នៅជាមួយមិត្តភក្តិ។ ប៉ុន្ដែមុនពេលកើតហេតុមិត្តភក្តិរបស់នាងបានទៅធ្វើការបាត់ ដោយជនរងគ្រោះនៅម្នាក់ឯង។ លុះមកដល់វេលាកើតហេតុ ទើបមិត្តភក្ដិរបស់នារីរងគ្រោះវិលត្រឡប់មកពីធ្វើការវិញ ឃើញទ្វារបន្ទប់មានជាប់សោពីខាងក្នុង ទើបបង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ ករណីនេះ គេអាចសង្ស័យថា នារីរងគ្រោះអាចត្រូវឃាតកសម្លាប់តាំងពីព្រឹកមកម្ល៉េះ ព្រោះល្ងាចហើយទើបដឹង ខណៈមានមនុស្សទៅគោះទ្វារបន្ទប់ ទើបបង្កឲ្យភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ច បានបន្ដថា នៅលើសាកសពរបស់នារីរងគ្រោះ ឃើញមានស្នាមចាក់ជាច្រើនកាំបិត រួមទាំងមានស្នាមអារ.ក ហើយយកភួយ មកគ្របពីលើសព។ ចំណែកដៃទាំង២របស់នាងរងគ្រោះ ត្រូវជនមិនស្គាល់មុខ យកអាវទ្រនាប់ចងភ្ជាប់បន្ថែមទៀត។
ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យរួច សាកសពរបស់នារីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី។ ដោយឡែកជនសង័្សយ ត្រូវសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕