បើតាមសារព័ត៌មាន CNA បានផ្សាយ នៅថ្ងទី៨ ខែកញ្ញាថា ទីបំផុត តុលាការអារ៉ាប៊ីសាអូឌីត បានប្រកាសលុបចោលការផ្តន្ទាទោសប្រហារជិវិតលើមនុស្ស ចំនួន៥នាក់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើអ្នកកាសែត ឈ្មោះ Jamal Khashoggi ។ សេចក្តីសម្រេចខាងលើនេះ ធ្វើឲ្យគូដណ្តឹងរបស់អ្នកកាសែតរងគ្រោះ និងមន្រ្ដីអង្គការសហប្រជាជាតិ បានថ្កោលទោស និងចាត់ទុកការសម្រេចរបស់តុលាការ នៃប្រទេសអារ៉ាប៊ីសាអូឌីត ថា «ជាន់ឈ្លីយុត្តិធម៌»។
ប្រភពព័ត៌មានដដែល បានបន្ដថា ជនជាប់ចោទចំនួន៨នាក់ មិនត្រូវបានបញ្ចេញឈ្មោះ ហើយត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ចន្លោះពី៧-២០ឆ្នាំ តាមអំណាចសាលក្រមមួយ បន្ទាប់ពីកូនប្រុសរបស់លោក Khashoggi បានលើកលែងទោសដល់អ្នកសម្លាប់ឪពុករបស់ខ្លួន កាលពីខែឧសភា កន្លងទៅ។ ដោយសារតែបញ្ហានេះទើបមានការបើកផ្លូវឱ្យមានការបន្ធូរបន្ថយទោសបែបនេះ។
បើយោងតាមការជំនុំជម្រះក្តី បិទទ្វារ កាលពីខែធ្នូ ឆ្នាំ២០១៩ ក្នុងចំណោមជនសង័្សយ១១នាក់ មាន៥នាក់ នឹងត្រូវបានកាត់ទោសប្រហារជីវិត ហើយ៣នាក់ទៀត ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ រយ:ពេល២៤ឆ្នាំ។ ប៉ុន្តែក្រោយទទួលបានការលើកលែងទោស ពីក្រុមគ្រួសាររបស់លោក Khashoggi រួចមក ទើបមានការបន្ធូរបន្ថយទោស កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។
ដោយឡែកទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអ៊ូឌីត បានផ្សាយថា ជនជាប់ចោទ ៥នាក់ នឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយ:ពេល២០ឆ្នាំ។ ដោយឡែកជនជាប់ចោទ៣នាក់ទៀត គឺម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ និង២នាក់ ទៀតជាប់ពន្ធនាគារ ៧ឆ្នាំ៕