ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ឈរនោមពីលើផ្ទះ ស្រាប់តែធ្លាក់ក្រោម បោកក្បាលនឹងអង្គត់ឈើ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិណាំតៅ ឃុំ ណាំតៅ ស្រុកភ្នំស្រុក។
លោកយ៉ត សុផល អធិការនគរបាល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជ្រឹង យុង អាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះ ចាន់ សាឃួន អាយុ៤៧ឆ្នាំ។ ពួកគេទាំង២នាក់ប្ដីប្រពន្ធរស់ នៅក្នុងភូមិឃុំកើតហេតុ។
បើតាមការបំភ្លឺពីស្រ្ដីប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ក្រោយពេលហូបបាយល្ងាចរួច គាត់ និងប្ដី បាននាំគ្នាឡើងទៅលើផ្ទះ បើកទូរទស្សន៍មើល។ លុះមកដល់ម៉ោងប្រហែល៩ និង២០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ប្ដីរបស់គាត់បានក្រោកដើរទៅបត់ជើងតូច នៅវេរ៉ង់ដា ពីចំហៀងខាងជើង។ នៅពេលនោះគាត់បានឮសូរសំឡេង ដូចជាមនុស្សធ្លាក់។ ឮបែបនេះ គាត់បានរត់ទៅមើល ក៏ឃើញប្ដីរបស់គាត់បានធ្លាក់ពីលើផ្ទះ ស្ងាត់មាត់កបាត់ទៅហើយ។ ភ្លាមៗនេះ គាត់បានចុះមកលើកប្ដី ហើយស្រែកហៅឲ្យបងប្អូនជិតខាងឲ្យជួយ និងដឹកប្ដីទៅកាន់មន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក។ ប៉ុន្ដែពេលទៅដល់បានមួយសន្ទុះ ប្ដីរបស់គាត់បានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង១០ និង២២នាទីយប់ថ្ងៃដដែលនោះ។
លោកអធិការនគរបាល បានបន្ថែមថា ករណីនេះ អាចជនរងគ្រោះក្រោកពីដេក ទាំងមមីមមើ ហើយដើរឆ្លងបង្កាន់ដៃដែក មកឈរបត់ជើងតូចលើសំយាបស៊ីម៉ងត៍ ហើយជ្រុលធ្លាក់មកដី បណ្តាលបោកចំនឹងបង្គោលរបងព្រំដី បែកក្បាលត្រង់ចិញ្ចើមខាងស្តាំ មានឈាមហូរច្រើន រងរបួសធ្ងន់ ហើយស្លាប់ ខណ:បញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសាររបស់ជនរងគ្រោះ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕