ខេត្តមណ្ឌលគិរី៖ រថយន្ដមួយគ្រឿងកំពុងបើកបរតាមផ្លូវ ស្រាប់តែអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅប៉ូលិសឲ្យមកជួយអន្ដរាគមន៍ កាលពីវេលាម៉ោង១២ និង៣៨នាទីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្បែរភ្នំបាយឆៅ តាមផ្លូវលេខ៧៦អា ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមានគ្រោះអគ្គិភ័យនោះ មានបុរសម្នាក់បើករថយន្ដស៊ីឈ្នួលឲ្យម្ចាស់រថយន្ដ ដោយដឹកម្រេច ចេញពីពូជ្រៃ ឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី។ លុះពេលរថយន្ដបើកមកដល់ចំណុចខាងលើ ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវ រាយការណ៍ទៅសមត្ថកិច្ចឲ្យមកជួយអន្ដរាគមន៍។
មន្រ្ដីការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា រថយន្ដដែលរងគ្រោះដោយគ្រោះអគ្គិភ័យនោះ ម៉ាក Frontier បើកបរដោយឈ្មោះ ថុល ថា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ដ។ រីឯម្ចាស់រថយន្ដខាងលើនេះ ឈ្មោះ ម៉ន ស្រី។
មន្រ្ដីនគរបាលដដែល បានបន្តថា ក្រោយពេលទទួលបានព័ត៌មានបែបនេះ សមត្ថកិច្ចបានចេញទៅធ្វើអន្ដរាគមន៍ បាញ់ទឹកពន្លត់ ដោយប្រើអស់ទឹកមួយរថយន្ដ ទើបភ្លើងរលត់អស់ទៅវិញ។ ករណីនេះ បណ្ដាលមកពីធ្លាយប្រេងតាមប្រអប់លេខ តែពុំមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានអូសរថយន្ដដែលត្រូវភ្លើងឆេះនៅសល់តែគ្រោងឆ្អឹងនោះ ចេញពីផ្លូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុបន្តទៀត៕