រដ្ឋធានីមូស្គូ៖ យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់អាមេរិក B-52 ចំនួន៣គ្រឿង បានហោះឈ្លបយកការណ៍ នៅជិតព្រំដែនរុស្ស៊ី លើដែនសមុទ្រខ្មៅ ក៏ត្រូវកងទ័ពអាកាសរបស់រុស្ស៊ី ចេញប្រតិបត្ដិការ ដេញស្ទាក់ឲ្យវិលត្រឡប់ ចេញពីទិសដៅរបស់គេវិញ។
សារព័ត៌មានស៊ីនហួរបស់ចិន បានចេញផ្សាយ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងការពារជាតិរុស្ស៊ី បានប្រកាស កាលពីថ្ងៃទី៤ ខែកញ្ញា ថា យន្ដហោះចម្បាំងរបស់រុស្ស៊ី ចំនួន៨គ្រឿង បានចេញប្រតិបត្ដិការ ដេញស្ទាក់យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ របស់អាមេរិក B-52H ចំនួន៣គ្រឿង ហោះ នៅលើដែនអាកាសសមុទ្រខ្មៅ (Black Sea) និងសមុទ្រអាហ្សូវ (Azov)។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកញ្ញា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានតាមដាន ឃើញយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្រ្តអាមេរិក B-52H ចំនួន ៣គ្រឿង ហោះឆ្ពោះមកកាន់ដែនអាកាសរបស់រុស្ស៊ី។ ប៉ុន្ដែភ្លាមៗនោះ កងទ័ពអាកាសរុស្ស៊ីប្រចាំតំបន់ភូមិភាគខាងត្បូង បានបើកយន្តហោះចម្បាំង Su-27 ចំនួន៤គ្រឿង និង Su-30 ចំនួន៤គ្រឿង ចេញប្រតិបត្ដិការ ដេញស្ទាក់យន្ដហោះអាមេរិកទាំងនោះ ឲ្យវិលក្បាលត្រឡប់ ចេញពីដែនអាកាសរបស់រុស្ស៊ី វិញ។
ក្រសួងការពារជាតិរុស្ស៊ី បានបន្ថែមថា ប្រតិបត្តិការនេះបានធ្វើឡើង ដោយគោរពយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់អន្តរជាតិ ស្តីពីការការប្រើប្រាស់ដែនអាកាស។ ប៉ុន្ដែនៅក្នុងហេតុការណ៍នោះ មិនបានបង្កឲ្យមានគ្រោះថ្នាក់អ្វីឡើយ។
ទោះជាយ៉ាងណា មន្ទីរបញ្ចកោណអាមេរិកនៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយ តបតរនឹងការលើកឡើងរបស់រុស្ស៊ីនោះឡើយ៕