ភ្នំពេញ ៖ រថយន្តមួយគ្រឿង ម៉ាកព្រូស បើកបុកកង់បីខ្មែរដាច់ជាពីរ និងមនុស្សម្នាក់រងរបួសធ្ងន់ ហើយព្យាយាមបើករត់ តែត្រូវរថយន្តស៊េរីទំនើបម៉ាក Lexus RX350 ឃើញ ក៏ដេញតាមយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តដឹកប្រេង ចម្រុះ 36000L កំពុងឆ្លងផ្លូវចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ១១០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញមានបុរសម្នាក់ បើកម៉ូតូសណ្ដោង(កង់បីខ្មែរ) ដឹកបុរសម្នាក់ ជាជនជាតិបរទេស ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជើង លុះមកដល់ស្ទុបពេទ្យព្រះអង្គឌួង ក៏មានរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BG-7924 មកបុកម៉ូតូសណ្ដោងពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូសណ្ដោងដាច់ចេញជាពី និងធ្វើឲ្យបុរសជនជាតិបរទេសម្នាក់ រងរបួសធ្ងន់ផងដែរ។
ភ្លាមនោះ រថយន្តម៉ាកព្រូសមិនឈប់ទទួលខុសត្រូវនោះទេ ក៏ព្យាយាមបើករត់ ធ្វើឲ្យម្ចាស់រថយន្តស៊េរីទំនើបម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-4321 ទើសចិត្តក៏បើករថយន្តដេញតាមយ៉ាងលឿន រហូតមកដល់ផ្លូវព្រះមុនីវង្ស ទល់មុខប៉ុស្ដិ៍នគរបាលស្រះចកមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈ របស់ក្រុមហ៊ុន PTT ចម្រុះ36000L កំពុងបត់ឆ្លងផ្លូវចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តLexus រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ឯរថយន្តដឹកប្រេងក៏បានខ្ទេចកាងក្រោមជាច្រើនផងដែរ តែមិនបណ្ដាលឲ្យបែកសាទែនប្រេងផ្ទុះឆេះនោះឡើយ។
ហេតុការណ៍នេះ ធ្វើឲ្យបុរសម្នាក់ ជាជនជាតិបរទេស រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលមន្ទីពេទ្យកាល់ម៉ែត។
ក្រោយកើតហេតុ វត្ថុតាងរួមមាន៖ ម៉ូតូសណ្ដោង(កង់បីខ្មែរ), រថយន្តបង្កម៉ាកព្រូស, រថយន្តស៊េរីទំនើបម៉ាក Lexus និងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន PTT ត្រូវសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំដោះតាមច្បាប់នៅពេលក្រោយ៕ ដោយ៖ ផេង ភាព