ខេត្តស្វាយរៀង: បុរសកំណាចម្នាក់ខឹងប្រពន្ធមិននៅផ្ទះ ក៏ផ្ទុះកំហឹងឡើងយ៉ាងក្រេវក្រោធ ស្ទុះទៅទាញកាំបិតកាប់ស្រ្ដីចំណាស់ និងចៅស្រី បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ កាលីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅភូមិត្រពាំងផ្លុង ឃុំដូង ស្រុករមាសហែក។
ប្រភពព័ត៌មានពីមន្រ្ដីនគរបាលស្រុករមាសហែក បានឱ្យដឹងថា ជនសង័្សយ នៅក្នុងហេតុការណ៍ខាងលើនេះ ឈ្មោះ សេង ទិត្យ អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងផ្លុង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ រីឯជនរងគ្រោះទាំង២នាក់នោះ រួមមាន ទី១-ឈ្មោះ ហ៊ីង យ៉ឹម អាយុ៧៥ឆ្នាំ ភេទស្រី រងរបួសនៅលើក មានសភាពធ្ងន់ហើយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងទី២-ឈ្មោះ ប៉ែន រី អាយុ១៣ឆ្នាំ ភេទស្រី រងរបួសលើកំផ្លៀងខាងឆ្វេង និងចង្អុលដៃឆ្វេងមានសភាពធ្ងន់។ ជនរងគ្រោះទាំង២នាក់ ត្រូវជាយាយ និងចៅ រស់នៅក្នុងភូមិ-ឃុំជាមួយនឹងជនសង័្សយ។
ប្រភពព័ត៌មានពីអ្នកភូមិបានឲ្យដឹងថា មុនពេលកើតមានអំពើហិង្សាដ៏ឃោរឃៅនោះ ជនសង័្សយ បានកាន់កាំបិតដើររកប្រពន្ធ ហើយចូលមកក្នុងផ្ទះរបស់ជនរងគ្រោះ។ បន្ទាប់មក គេ(ជនសង័្សយ) បានសួររកប្រពន្ធរបស់គេ តែជនរងគ្រោះ (ឈ្មោះ ហ៊ីង យឹម) បានឆ្លើយថា អញមិនឃើញទេ។ ឮបែបនេះ ស្រាប់តែជនសង័្សយផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើងទាញកាំបិត ស្ទុះទៅកាប់ជនរងគ្រោះទាំង២នាក់យាយ និងចៅ បណ្ដាលឲ្យរងរបួសធ្ងន។
ក្រោយពេលកើតហេតុមានអំពើហិង្សានោះ សាច់ញាតិបានបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាពដូង តែដោយសាររបស់ស្រ្ដីចំណាស់ខាងលើមានសភាពធ្ងន់ពេក ក៏បានស្លាប់ទៅ។ ដោយឡែកចៅស្រីរស់គាត់ក៏ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង។ ដោយឡែកជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅចាត់ការតាមច្បាប់៕