ខេត្តកំពង់ស្ពឺ៖ស្ត្រីម្នាក់ត្រូវនគរបាលស្រុកថ្ពងឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីស្ត្រីម្នាក់នេះធ្វើសកម្មភាពឆក់យកខ្សែកពីក្មេងស្រីម្នាក់ខណៈដែលក្មេងស្រីរងគ្រោះកំពុងដើរលេងក្នុងកម្មវិធីបុណ្យស្ថិតក្នុងភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពងខេត្តកំពង់ស្ពឺ។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ខែមីនាឆ្នាំ២០២២។
លោកវរសេនីយ៍ឯកហ៊ុនសុខហុនអធិការនគរបាលស្រុកថ្ពងបានឱ្យដឹងថាស្ត្រីដែលសមត្ថកិច្វឃាត់ខ្លួនបាននោះមានឈ្មោះឡូទីអាយុ២៧ឆ្នាំរស់នៅភូមិតង់ខៀវឃុំភ្នំបាតស្រុកពញាឮខេត្តកណ្តាលបានធ្វើសកម្មភាពឆក់យកខ្សែកពីក្មេងស្រីម្នាក់ឈ្មោះរ៉េតរាជនីអាយុ២ខួប៨ខែ។លោកបានបន្តទៀតថានៅមុនពេលកើតហេតុម្តាយក្មេងស្រីរងគ្រោះឈ្មោះរឿនស្រីនិច្ចរស់នៅក្នុងភូមិឃុំជាមួយគ្នានឹងឈ្មោះស្រីណាក់អាយុ១២ឆ្នាំត្រូវជាមីងកំពុងពកូនដើរលេងក្នុងកម្មវិធីបុណ្យស្រាប់តែលេចមុខស្ត្រីសង្ស័យខាងលើបានដើរមកជិតហើយក៏ធ្វើសកម្មភាពឆក់យកខ្សែកមាសទម្ងន់៥ជីពីក្មេងស្រីរងគ្រោះតែម្តង ហើយភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលឆោឡោឡើង ស្របពេលនៅទីនោះមានកម្លាំងសមត្ថកិច្ចរក្សាសន្តិសុខផងក៏ឃាត់ខ្លួនស្ត្រីជាជនសង្ស័យបានតែម្តង។
បច្ចុប្បន្នស្ត្រីជាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាក់ស្តែងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកថ្ពងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីចំណែកខ្សែកសមត្ថកិច្ចបានប្រគល់ឱ្យទៅម្តាយក្មេងស្រីរងគ្រោះវិញហើយ៕