ភ្នំពេញ ៖ កាលពី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅចំណុចលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅថាស្ពានជ្រោយចង្វារទី១ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។យុវតីរូបស្រស់នេះ មានឈ្មោះ មាន ភេទស្រី អាយុប្រហែល២០ឆ្នាំ ស្នាក់នៅម្ដុំផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ។នារីវ័យក្មេងរូបស្រស់សោភាម្នាក់ បានជិះកង់បីឥណ្ឌាមួយគ្រឿង មកឈប់លើស្ពានជ្រោយចង្វាររួចចុះទៅឈរយំផ្អែកបង្កាន់ដៃស្ពានតែម្នាក់ឯង ដោយមានអ្នកធ្វើដំណើរឆ្លងកាត់នោះប្រទះឃើញរួចប្រញាប់ប្រញាល់ទៅប្រាប់សមត្ថកិច្ចកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដែលប្រចាំការនៅគល់ស្ពានជ្រោយចង្វារ រួមទាំងបងប្អូនក្រុមអ្នកសារព័ត៌មានដែលនៅទីនោះបានដឹងផងដែរ។ សមត្ថកិច្ចនិងក្រុមអ្នកសារព័ត៌មានយើង បាននាំគ្នាជិះទៅរកមើល ឃើញនារីវ័យក្មេងខាងលើកំពុងឈរយំផ្អែកបង្កាន់ដៃស្ពានតែម្នាក់ឯងពិតមែន ហើយបានចូលទៅឃាត់នាងបានទាន់ពេល និងជួយនិយាយលួងលោមរួចនាំរូបនាងទៅកន្លែងមានសុវត្ថិភាពសិន ដើម្បីសួរនាំរកមូលហេតុផងដែរ។
នាងបានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា “ដោយសារបុរសជាសង្សារឈ្មោះ លាង ពេលស្រលាញ់នាងដំបូងបានឲ្យទូរស័ព្ទនាងប្រើ លុះយប់កើតហេតុ មករករឿងស្ដីបន្ទោសគ្មានហេតុផល និងឌឺដងមើលងាយរូបនាងដែលជាសង្សារនឹងគ្នាថែមទៀត ហើយយកទូរស័ព្ទពីនាងវិញរួចចេញទៅបាត់“ ទើបនាងតូចចិត្តតូចថ្លើម មិននឹកស្មានមនុស្សប្រុសដែលខ្លួនស្រលាញ់ ហ៊ានធ្វើទង្វើបែបនេះដាក់រូបនាងដូច្នេះទៅវិញ ទើបរូបនាងហៅកង់បីឥណ្ឌាមួយគ្រឿង ជិះមកដល់លើស្ពានជ្រោយចង្វារ ឈរយំតែម្នាក់ឯង ប៉ុនប៉ងគិតខ្លី តែត្រូវបានសមត្ថកិច្ចនិងបងៗអ្នកសារព័ត៌មាន មកជួយឃាត់តែម្ដង ៕