ភ្នំពេញ៖ ស្ត្រីស្រស់ស្អាតអ្នកលក់ឡេតាមអនឡាញម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅតំបន់បឹងកក់ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា អ្នកលក់ឡេអនឡាញដែលត្រូវបានកម្លាំងនគរបាលចាប់ខ្លួននេះ ត្រូវបានគេស្គាល់ឈ្មោះថា JJ Ching។ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាបញ្ជាអោយចូលខ្លួន តាមបញ្ញត្តិមាត្រា ៣៧, ៩៤ និងមាត្រា ១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ តាមរយៈសំណើសុំដីកាបញ្ជាឱ្យចូលខ្លួនលេខ ០២៩ ស.ណ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ។
សូមជម្រាបថា ក្នុងដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ថា ស្ដ្រីម្នាក់រូបនោះ ឈ្មោះ សៅ លីឈីង អាយុ២៩ឆ្នាំ ពាក់ព័ន្ធករណី បរិហាកេរ្ដិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងនៅមុខហាងរបស់ស្ដ្រីខាងលើនេះផ្ទាល់តែម្ដង ឈ្មោះ ក្រុមហ៊ុន ជេឈីង ដែលមានទីតាំងស្ថិតក្នុងតំបន់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។បន្ទាប់ពីចាប់ឃាត់ខ្លួនស្ដ្រីរូបនេះ ត្រូវបានបញ្ជូនទៅអង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដតាមនីតិវិធី បញ្ជូនខ្លួនទៅតំណាងអយ្យការ បើកការស៊ើបសួរ ថាតើត្រូវធ្វើការចេញដីកាសន្និដ្ឋានបញ្ជូនអោយស៊ើបសួរ ឬត្រូវឱ្យត្រឡប់ទៅផ្ទះវិញ។ សូមបញ្ជាក់ផងដែរថា សមត្ថកិច្ចក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ មិនទាន់បញ្ជាក់ពីអង្គហេតុនៃដើមបណ្ដឹងនៅឡើយទេ ហើយក៏មិនដឹងថា អ្នកដែលប្ដឹងនោះ មានអត្តសញ្ញាណ ឬធ្វើការ រកសុី ដៃគូវិនិយោគឬមួយយ៉ាងណា នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។ ប៉ុន្តែត្រូវបានគេដឹងថា, ស្ត្រីស្រស់ស្អាតអ្នកលក់ឡេតាមអនឡាញម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល មានឈ្មោះ សៅ លីឈីង អាយុ២៩ឆ្នាំ ពាក់ព័ន្ធករណី បរិហាកេរ្ដិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង , គឺជាអ្នកលក់ឡេដែលមានឈ្មោះល្បីផងដែរ បន្ទាប់ពីអ្នកលក់ឡេធំៗមួយចំនួននៅរាជធានីភ្នំពេញ ៕