ភ្នំពេញ៖ អ្នកដឹកនាំសម្ដែងល្បីឈ្មោះយូរឆ្នាំ ក្នុងពិភពសិល្បៈលោក ហ្វៃ សំអាង នៅថ្ងៃនេះបានទម្លាយមុខមាត់ពិត របស់តារាសម្ដែងជាតួឯកប្រុស និងតួឯកស្រីនៅភាពយន្តចម្រៀង ចំនួន២បទ គឺបទ «ជីវិតក្មេងវត្ដ» និងបទ «ទុក្ខស្រីប្ដីព្រាត់» ដែលជាស្នាដៃនិពន្ធដោយសម្ដេចតេជោ ហ៊ុន សែន និងជាកម្រងរឿងរ៉ាវតស៊ូរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតពីអតីតកាល។នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ហ្វៃ សំអាង បានបញ្ជាក់នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះថា តួឯកទាំងពីរដួងនៅក្នុងបទច្រៀង «ទុក្ខស្រីប្ដីព្រាត់» និពន្ធទំនុកច្រៀងក្រោមស្នាដៃ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន បទចម្រៀងដែលល្បីល្បាញ។ ដឹកនាំសម្ដែងដោយលោក ហ្វៃ សំអាង ផលិតដោយសមាគមសិល្បករខ្មែរ ប្រធានអ្នកនាង ចន ច័ន្ទលក្ខិណា។
អ្នកដឹកនាំសម្ដែងជើងចាស់លោក ហ្វៃ សំអាង បានបញ្ជាក់ទៀតថា តួឯកប្រុសគឺលោក ប៉ាន់ ខែមម៉ានូ សម្ដែងជាតួអង្គសម្ដេចតេជោ ហ៊ុន សែន។ ចំណែកតួឯកស្រីកញ្ញា ឈិន មុន្នីនាថ សម្ដែងជាតួអង្គសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ស្នាដៃនិពន្ធរបស់សម្ដេចតេជោទាំងពីរបទនេះ ត្រូវបានដឹកនាំសម្តែងដោយរូបលោក និងផលិតដោយសមាគមសិល្បករខ្មែរ។សម្រាប់បទចម្រៀងទាំងពីរបទនេះ ត្រូវបានគេដឹងថា ប្រធានសមាគមសិល្បករខ្មែរដែលដឹកនាំដោយអ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកដឹកនាំសម្ដែងលោក ហ្វៃ សំអាង កំពុងតែដុតដៃដុតជើង និងមានសកម្មភាពផលិតយ៉ាងសស្រាក់សស្រាំ ហើយបើតាមការបង្ហើបពីលោក ហ្វៃ សំអាង MV «ជីវិតក្មេងវត្ដ» ថតបាន ៥០ភាគរយ ហើយគ្រោងនឹងថតបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២២។ ចំណែកបទ «ទុក្ខស្រីប្ដីព្រាត់» គឺទើបតែចាប់ផ្ដើមថតប៉ុណ្ណោះ ដោយក្នុងនោះ ក៏មានការជួយឧបត្ថម្ភសម្ភារៈសព្វាវុធ ពីទីបញ្ជាការដ្ឋានកងអង្គរក្សផងដែរ៕