ខេត្តកោះកុង: កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ សហការនគរបាលអធិការនគរបាលក្រុងខេមរភូមិន្ទ បានចាប់ឃាត់ខ្លួននារីម្នាក់ដែលគេចោទថា ជាមុខសញ្ញាចោរលួចកាបូបដ៏សកម្មមួយនៅក្នុងផ្សារដងទង់ និងនៅស្រុកមណ្ឌលសីមា។លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ថា ជនសង្ស័យមានឈ្មោះ សោម ស្រីល័ក្ខ ភេទស្រី អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មុខរបរកម្មកររោងចក្រ។ នារីសង្ស័យ បានធ្វើសកម្មភាពលួចចូលលួចកាបូបរបស់អាជីវករ នៅចំណុចតូបលក់ខោអាវ ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ កាលពីម៉ោង១៤និង៥០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចរបស់លោកបានបើកប្រតិបត្តិការបង្រ្កាបស្រាវជ្រាវភ្លាមៗនៅស្ពានយោល ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
លោកអធិការនគរបាលក្រុងខេមរភូមិន្ទ បន្តថា ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូត ម៉ូតូម៉ាកZoomerX ឆ្នាំ២០១៨ ពណ៍ខ្មៅលាយក្រហម ស្លាកលេខភ្នំពេញ 1HH-9621 ១គ្រឿង (ម៉ូតូធ្វើសកម្មភាព), ខ្សែកលោហៈធាតុពណ៌លឿងចំនួន ២ខ្សែ, ខ្សែដៃលោកហៈធាតុពណ៌លឿងចំនួន២ខ្សែ, បណ្តោងខ្សែកព្រះចំនួន១, បណ្តោងខ្សែកលោហៈធាតុចំនួន១, ចិញ្ជៀនលោកហៈធាតុមានត្បូងពណ៌សចំនួន១, ប្រាក់រៀលចំនួន ៩៤៥,០០០រៀល និងកាបូបស្ពាយពណ៌ខ្មៅចំនួន១ ព្រមទាំងឯកសារមួយចំនួន ។នៅចំពោះមុខសមត្ថកិច្ច នារីសង្ស័យបានសារភាពថាខ្លួនបានធ្វើសកម្មភាពលួចកាបូបបានសំរេចចំនួន៩លើកនៅទីតាំងផ្សេងៗក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ។ បន្ទាប់មកសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការតាមផ្លូវច្បាប់៕