ភ្នំពេញ ៖ ដោយសារតែជីវភាពខ្វះខាតទើប២នាក់ប្តីប្រពន្ធបានទៅធ្វើការរោងចក្រ ហើយទុកឱ្យកូនតូច២នាក់នៅផ្ទះ លុះត្រឡប់មកពីធ្វើការវិញ កូនប្រុសអាយុ៧ឆ្នាំក៏បានលង់ទឹកស្លា.ប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងរណ្តៅដីវាលមួយកន្លែង ដែលស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។តាមប្រភពបានបន្តទៀតថា កុមារាដែលលង់ទឹកនោះមានឈ្មោះ អៀង សុខយុទ្ធ អាយុ៧ ឆ្នាំ មានឪពុកឈ្មោះអៀង ប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នឹងមានស្រុកកំណើតនៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងម្តាយឈ្មោះ ឃឿន ហ៊ីម អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រដូចគ្នា។តាមប្រភពព័ត៌មានពីស្ត្រីជាម្តាយកុមារារងគ្រោះបានរៀបរាប់ប្រាប់ថា ហេតុតែជីវភាពក្រុមគ្រួសាររបស់គាត់មានការខ្វះខាត បានគាត់ចេញទៅធ្វើការទាំងប្តីប្រពន្ធ ដោយទុកអោយកូនស្រីអាយុ១០ឆ្នាំ និងកូនប្រុសពៅអាយុ៧ឆ្នាំនៅផ្ទះ។ ហើយជារៀងរាល់ថ្ងៃ គាត់នឹងប្តីរបស់គាត់ បានទៅធ្វើការតាំងពីវេលាម៉ោង៦ព្រឹក និងបានរៀបចំបាយទឹកទុកសម្រាប់អោយកូនទាំង២នាក់ហូបពេលព្រឹក និងថ្ងៃត្រង់ ព្រោះអីគាត់មិនបានត្រឡប់មកហូបពេលថ្ងៃត្រង់នោះទេ លុះនៅវេលាម៉ោង៦យប់ ទើបគាត់ត្រឡប់មកពីធ្វើការវិញ។
ប្រភពដដែលបានបន្តទៀតថា នៅពេលដែលពួកគាត់ត្រឡប់មកពីធ្វើការវិញ គឺមិនបានរកមើលកូនភ្លាមៗទេ ដោយឃើញកូនស្រីច្បងនៅផ្ទះ លុះនៅវេលាម៉ោង៧យប់គាត់បានរៀបចំបាយទឹកអោយកូនៗហូបពេលយប់ ស្រាប់តែបាត់កូនប្រុសពៅមិនឃើញ ក៏បានអោយកូនស្រីច្បងទៅហៅប្អូនមកហូបបាយ តែរកកូនមិនឃើញដដែល ទើបរូបគាត់នឹងប្តីរ ព្រមទាំងបងប្អូននៅជិតខាងបាននាំគ្នាជួយរក ប៉ុន្តែនៅតែមិនឃើញដែរ ។លុះពេលមានប្រជាពលរដ្ឋរស់នៅជុំវិញកន្លែងកើតហេតុ គេបានប្រាប់ថាតែងតែឃើញក្មេងតូចៗរត់បង្ហោះខ្លែងនៅដីវាលខាងលើជារៀងរាល់ថ្ងៃ ដោយឮថាដូច្នេះ ពួកគាត់ក៏បាននាំគ្នារកមើល តែមិនឃើញទៀត ។បន្ទាប់មកក៏មានចាស់ទុំអ្នកស្រុកភូមិបានឱ្យរូបគាត់អុចធូបក្រែងមានគេលាក់មិនអោយរកឃើញ លុះនៅពេលគាត់អុចធូបបន់ស្រន់ភ្លាមៗ ក៏ស្រាប់តែប្តីរបស់គាត់បានរកឃើញស្បែកជើងកូននៅមាត់រណ្ដៅដីតែម្តង ហើយនៅពេលនោះប្តីរបស់គាត់ក៏បានចុះទៅក្នុងទឹករាវរក ស្រាប់តែឃើញកូនប្រុសគាត់លង់ទឹកក្នុងរណ្តៅដីនោះស្លា.ប់បាត់ទៅហើយ ទើបបីយកស.ពកូនចេញពីកន្លែងកើតហេតុ រួចដាក់កន្លែងផ្លូវបេតុងដែលមានចម្ងាយជាង១០០ម៉ែត្រ ហើយក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗផងដែរ។ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅផ្នែកជំនាញចក្ខុរាជធានីភ្នំពេញ មកធ្វើកោសល្យវិច័យ ហើយឪពុកម្ដាយមិនបានប្តឹងផ្តល់អ្វីទេ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងផ្នែកជំនាញ បានធ្វើលិខិតប្រគល់ស.ពក្មេងប្រុសរងគ្រោះឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តជម្ពូវ័ន ព្រោះគ្មានលុយដើម្បីដឹកស.ពកូនយកទៅស្រុកកំណើតឡើយ ៕