បើតាមលោក អាំង សុខវាសនា និងលោកស្រី សុង សៀកមួយ ម្ចាស់ហាងម៉ូតូ មហាលាភ ដែលជាសប្បុរសជនមានទឹកចិត្តសប្បុរសធម៌ចុះចែកអំណោយជាអាវរងា ដល់លោកតាស៊ីក្លូ ដែលពួកគាត់សម្រាន្តតាមផ្លូវ ឬរបងផ្ទះ មុខហាងនានា ក្នុងរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយមើលឃើញពីភាពលំបាកនៅពេលអាកាសធាតុធ្លាក់ត្រជាក់ក្នុងរដូវនេះ លោកស្រី និងស្វាមីជាមួយនិងក្រុមការងារ បានគិតដល់តាតាស៊ីក្លូមុនគេភ្លាម ព្រោះអាកាសធាតុត្រជាក់ហើយលោកតាៗ ដែលប្រកបមុខរបរស៊ីក្លូ មានវ័យចាស់ជរា ដើរដេកតាមផ្លូវ តាមរបងផ្ទះគេ ពិតជាមានការលំបាកខ្លាំងណាស់។ ណាមួយពួកគាត់គឺចាស់ៗទៅហើយពិបាកទ្រាំនឹងអាកាសធាតុត្រជាក់បែបនេះណាស់។ ម្ចាស់ហាងម៉ូតូមហាលាភរូបនេះ និយាយថា ឪពុកគេឪពុកយើងមានវ៧យចាស់ៗគឺពិបាកណាស់ក្នុងការរស់នៅជាមួយនឹងអាកាសអាកាសធាតុត្រជាក់ ចុះទម្រាំពួកគាត់ដែលជាមនុស្សចាស់ហើយដើរដេកតាមផ្លូវតាមផ្សារ តាមរបងផ្ទះគេទៀត តើពួកគាត់ពិបាកយ៉ាងណាទៅ?។
ការយកអំណោយមកជូនលោកតាៗស៊ីក្លូនាពេលនេះ គឺលោកស្រីមិនចង់ល្បីអីនោះទេតែនេះគឺជាអំពើល្អ ជាអំពើបុណ្យមួយដែលលោកស្រីអាចជួយដល់ពួកគាត់បាន និងបានជួយសម្រួលពីការលំបាករបស់ពួកគាត់បានមួយកម្រិតដែរ ។ ក្នុងនោះអំណោយដែលម្ចាស់ហាងម៉ូតូ មហាលាភ បាននាំយកនូវពេលនេះមានដូចជាអាវរងាសម្រាប់ពាក់នៅពេលយប់ដើម្បីកាត់បន្ថយភាពត្រជាក់ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ អាហារ និងថវិការមួយចំនួនផងដែរ។ លោកស្រីបានបញ្ជាក់ថាពិតណាស់ការជួយរបស់លោកស្រីគឺមិនមានសមត្ថភាពជួយបានគ្រប់គ្នានោះទេ តែលោកស្រីនឹងខិតខំបន្តការជួយនេះបន្តទៀតព្រោះការធ្វើបុណ្យមិនអាស្រ័យលើធំ ឬតូចនោះទេ សំខាន់លើកទឹកចិត្តរបស់យើង។
តាស៊ីក្លូម្នាក់បានលើកឡើងថា លោកពិតជាអរគុណខ្លាំងណាស់ដល់ម្ចាស់អំណោយ លោកពិតជាត្រូវការខ្លាំងណាស់ចំពោះសម្ភារៈមួយចំនួនជាពិសេសអាវរងាក្នុងរដូវត្រជាក់នេះ ពួកគាត់ពិតជាត្រជាក់ខ្លាំងណាស់នៅពេលយប់ពេលដែលដេកនៅតាមរបងផ្ទះរបស់អ្នកដទៃ នឹងមិនមានអាហារនិងសម្ភារៈគ្រប់គ្រាន់នោះទេ ព្រោះរដូវនេះជារដូវត្រជាក់ ហើយសម័យនេះមុខរបរធាក់ស៊ីក្លូក៏រកប្រាក់ចំណូលមិនបានច្រើនដែរ។ លោកអរគុណដល់សប្បុរសជននានាដែលតែងតែជួយដល់ពួកគាត់ ហើយ ពួកគាត់មិនមានអ្វីច្រើនក្រៅពីពាក្យអរគុណនោះទេ៕