ភ្នំពេញ ៖ រឿងស្មានមិនដល់ យុវជនម្នាក់កំពុងតែខូចចិត្ត ផឹករហូតស្រវឹង បែរជាស្តាប់ចំបទSad ថែមទៀត ទឹកភ្នែកហូរឥឈប់ រហូតគិតខ្លីមកចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួល តែត្រូវគេឃើញជួយឃាត់ទាន់ និងទាត់៣ជើង ដាស់តឿនសតិ កុំឲ្យគិតអីឆ្កួតៗ មានអីបែរជាតូចចិត្តរឹតតែខ្លាំង យំផងអីផង រត់មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជិត១១យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។បើតាមការបញ្ជាក់ពីយុវជនខាងលើ បានរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា ខ្លួនមានឈ្មោះ ពុធ អាយុ២១ឆ្នាំ ស្នាក់នៅម្តុំផ្លូវរថភ្លើង រាល់ថ្ងៃមានមុខរបរជាកម្មករសំណង់ មានស្រុកកំណើរនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយរាល់ថ្ងៃ គាត់ត្រូវគេ ដែលជាអ្នកធ្វើការជាមួយគ្នា វាយធ្វើបាប តែមិនហ៊ានតដៃជាមួយគេទេ រហូតដេញខ្លួនចេញពីបន្ទប់ស្នាក់នៅទៀត ដោយសារតែខ្លួនក្រ ទើបមកលោតទឹកសម្លាប់ខ្លួនបែបនេះ ។
ដោយបើតាមប្រភពពីបុរសម្នាក់ ដែលជាមេការសំណង់ បានឲ្យដឹងថាយុវជនខាងលើនេះ មានចរិតខុសប្លែកពីគេផ្សេង រាល់ថ្ងៃគិតតែផឹក រហូតស្រវឹងតាំងអង្គុយយំកើតទុក្ខ គាត់បានវាយយុវជនខាងលើមែន តែវាយនេះព្រោះតែហាម និងប្រដៅមិនស្តាប់ ហើយមុនពេលកើតហេតុ កម្មករាំឬងអស់បាននាំគ្នាផឹកស៊ីជុំគ្នាចាក់ចម្រៀងស្តាប់ ដោយយុវជនខាងលើផឹកអស់៥កំប៉ុង រហូតស្រវឹង ហើយចំបទSad ឈឺចាប់ពឺតផ្សារទៀត ក៏អង្គុយយំ រួចរត់ទៅចងកសម្លាប់ខ្លួន តែត្រូវបានគាត់និងកម្មករផ្សេងទៀត នាំគ្នាឃើញទាន់ចូលទៅជួយ និងបានទាត់៣ជើង រួចនិយាយថា បើចង់ស្លាប់ ប្រមូលខោអាចេញពីបន្ទប់ ហើយទៅលោតទឹកស្ពានជ្រោយចង្វារទៅ បែរជាមកលោតទឹកមែន បែបនេះទៅវិញ។ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទងហៅបងប្អូនជីដូនមួយ ឲ្យមកទទួលយកយុវជនខាងលើ ត្រឡប់ទៅផ្ទះផងដែរ ៕