ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន៤ បានចុះបង្រ្កាបបទល្មើសជួញដូរថ្នាំញៀនទ្រង់ទ្រាយធំ រហូតមានការផ្ទុះអាវុធជាមួយក្រុមឧក្រិដ្ឋជួញដូរថ្នាំញៀន ក្នុងរោងចក្រផលិតដំណាំស្វាយមួយកន្លែង ឈ្មោះ ហ្វាមអេស៊ាង.ក ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតថ្នាំញៀនបានប្រមាណ ជាង១.៤០០ គីឡូក្រាម ព្រមទាំងវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសមួយចំនួនទៀត ។ ចំណែក ជនសង្ស័យ បានស្លាប់ម្នាក់ និង២នាក់ត្រូវចាប់ខ្លួន។យោងតាមគណនីហ្វេសប៊ុក ឯកឧត្តម ខៀវ កាញារិទ្ធ បានបង្ហោះថា « ជនជាតិចិនម្នាក់ បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីផ្ទុះអាវុធក្នុងការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ប្រមាណ១.៤០០ គីឡូក្រាម ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។តាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅមុននេះបន្តិច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការ កម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការជាមួយកម្លាំងនគរបាល ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបករណីកែច្នៃគ្រឿងញៀន ទ្រង់ទ្រាយធំមិនធ្លាប់មាន ស្ថិតនៅក្នុងរោងចក្រផលិតដំណាប់ស្វាយ មួយកន្លែង ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ការបង្ក្រាបនេះ បង្កឲ្យមានការប៉ះទង្គិចគ្នារហូតឈានដល់ផ្ទុះអាវុធនៅ ផ្លូវជាតិលេខ៤ បណ្តាលឲ្យជនជាតិចិនម្នាក់បានស្លាប់ ខណៈក្រុមឈ្មួញកំពុងដឹកគ្រឿងញៀនជាច្រើនឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ។ប្រភពព័ត៌មានមិនទាន់ផ្លូវការមុននេះបន្តិចបានឲ្យដឹងថា ជនជាតិចិនដែលបានស្លាប់នោះ គឺជាក្រុមឧក្រិដ្ឋជនដែលបានបាញ់ប្រហារមកលើសមត្ថកិច្ចនៅត្រង់ចំណុចលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ខេត្តព្រះសីហនុ ហើយក៏ត្រូវសមត្ថកិច្ចបាញ់ទប់ទល់វិញ បណ្តាលឲ្យឧក្រិដ្ឋជនដែលគេសង្ស័យថា ជាជនជាតិចិនម្នាក់ត្រូវគ្រាប់ស្លាប់នៅនឹងកន្លែង និងម្នាក់ត្រូវចាប់ខ្លួន ជាមួយរថយន្ត១គ្រឿង ។ក្នុងករណីបង្ក្រាបនោះ សមត្ថកិច្ចបានរឹបអូសគ្រឿងញៀន ប្រមាណ ១.៤០០ គីឡូក្រាម ដែលឧក្រិដ្ឋជនបានផលិតនៅក្នុងរោងចក្រផលិត ដំណាប់ស្វាយនោះ »។សមត្ថកិច្ច បានឲ្យដឹងថា ក្រុមឧក្រិដ្ឋជួញដូរគ្រឿងញៀនបានបាញ់មកលើកម្លាំងសមត្ថកិច្ចមុន ទើបកម្លាំងសមត្ថកិច្ចសម្រេចផ្ទុះអាវុធតទល់គ្នា បណ្ដាលឲ្យជនសង្ស័យម្នាក់ស្លាប់នៅនឹងកន្លែង និងពីរនាក់ត្រូវបានចាប់ខ្លួន។ ជនសង្ស័យ១- ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិចិន តៃវ៉ាន់ (ស្លាប់) ។ ទី២- ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) ។ ទី៣- ឈ្មោះ LY POHAN ភេទ ៤៧ ប្រុស ជនជាតិចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។សមត្ថកិច្ចបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរឹបអូស ម្សៅក្រាមសសង្ស័យ កេតាមីន(KE- TAMIN) ចំនួន៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១.៤៨០គីឡូក្រាម ទាំងសំបក , អាវុធខ្លី ម៉ាក K៥៤ ចំនួន០១ដើម,រថយន្ត ០២គ្រឿង រួមនិងសារធាតុគីមី និងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនទៀត៕