បរទេស ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Parag Agrawal ប្រធានផ្នែកបច្ចេកវិទ្យា (CTO) ឡើងមកកាន់តំណែងនេះជំនួសលោក Jack Dorsey សហស្ថាបនិកបណ្ដាញសង្គម Twitter បានលាលែងពីតំណែងនាយកប្រតិបត្តិ (CEO) ជាផ្លូវការនៅថ្ងៃចន្ទម្សិលមិញនេះ ដោយតាមប្រភពច្បាស់ការបានបញ្ជាក់ថាលោកចង់ប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនដើម្បីផ្ដោត សំខាន់ លើ ក្រុមហ៊ុនផ្ទាល់ខ្លួនរបសលោកគឺ Square រួមនឹងការងារមួយចំនួនទៀតពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ (bitcoin)។លោក Agrawal ត្រូវបានគេដឹងថាបានបម្រើការងារ អស់រយ:ប្រមាណ ១០ឆ្នាំមកហើយនៅក្នុងក្រុមហ៊ុន Twitter និងជាមនុស្សម្នាក់ដែលបានយល់ដឹងច្បាស់ពីគោលដៅ និងចក្ខុវិស័យ របស់ Twitter ផងដែរ។
ប៉ុន្មានខែចុងក្រោយនេះ បណ្ដាញសង្គម Twitter ក្រោមការដឹកនាំរបស់លោក Dorsey គឺបានធ្វើការបន្ថែមនូវមុខងារប្រើប្រាស់ថ្មីៗជាច្រើន សម្រាប់ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ជាពិសេសគឺផ្ដល់លទ្ធភាពដល់អ្នកដែលបង្កើតមាតិកាព័ត៌មានល្អៗអាចស្វែងរកប្រាក់ចំណូលបាន ថែមទៀតផង។លោក Dorsey គឺជាអ្នកគាំទ្រដ៏យូរមកហើយទៅលើរូបិយប័ណ្ណគ្រីបតូ bitcoin និងបានបញ្ជាក់ថាវាគឺជា «ចំណង់ចំណូលចិត្ត» ហើយការលាឈប់របស់លោកនេះក៏មានពាក់ព័ន្ធទៅនឹង bitcoin ព្រោះតែលោកចង់ប្រើប្រាស់អ៊ីនធើណែត និង bitcoin ដើម្បីបង្កើតប្រាក់ចំណូល និងដើម្បីពិភពលោកទាំងមូលផងដែរ។គួរបញ្ជាក់ថា លោក Jack Dorsey ជាសហស្ថាបនិករបស់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter ជាមួយលោក Ev Williams, Biz Stone និងលោក Noah Glass ក្នុងឆ្នាំ២០០៦។ ហើយលោកបានកាន់តួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុនមួយនេះជាងមួយទសវត្សរ៍មកហើយ៕