ភ្នំពេញ: កាលវេលាម៉ោង ១២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងក្នុងបុរីគឹមសាន្ត ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីអគ្គិភ័យកើតឡើង បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់រងរបួសធ្ងន់ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ម្ចាស់ផ្ទះជាប្តីមានឈ្មោះ សុផល អាយុ ៦០ឆ្នាំជាង (ស្លាប់) ជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការ ប្រពន្ធមានឈ្មោះ សុខ ខុំ អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបមេផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ(ស្លាប់)។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញមានអណ្ដាតភ្លើងឆេះចេញពីក្នុងផ្ទះលាយលំនិងផ្សែងហ៊ុយទ្រហោម និងឮសំឡេងម្ចាស់ផ្ទះស្រែកឲ្យជួយផងភ្លើងឆេះផ្ទះ ខណ:ពេលនោះប្រជាពរដ្ឋ ដែលមានផ្ទះនៅជិតនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ តែមិនរលត់ក៏បានរាការណ៍ទៅសមត្ថកិច្ចឲ្យចេញរថយន្តមកជួយបាញ់ពន្លត់ និងជួយសង្គ្រោះម្ចាស់ផ្ទះពីរនាក់ប្ដីប្រពន្ធ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែអកុសលប្ដីបានស្លាប់មុនបន្ទាប់មកប្រពន្ធក៏បានស្លាប់តាមក្រោយទៀត។គ្រោះអគ្គិភ័យនេះផ្ដើមចេញពីឆ្លងចរន្តអគ្គិសនី ទ្រព្យសម្បត្តិមួយចំនួនត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង និងខូចខាតម៉ូតូស្គុបពីពីរគ្រឿងផងដែរ ដោយឡែកសពប្ដីប្រពន្ធពីរនាក់នៅឯមន្ទីរពេទ្យនៅឡើយរង់ចាំសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច័យសិន មុននឹងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕