ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ ទី៧ ខែធ្នូ ឆ្នាំ២០២១។ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន ដែលបន្តរំកិលចុះមកក្រោមជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿន ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងមានសីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °C
និងសីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C ព្រមទាំងអាចមានអាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានសីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C និងសីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C ក្នុងនោះខេត្តមណ្ឌលគិរី, ខេត្តរតនគីរី, ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមាអាចចុះដល់ ១៥°C។
៣៖ តំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C ព្រមទាំងអាចមានអាកាសធាតុត្រជាក់បន្តិចបន្តួច និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)។ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ខ្ពស់ ចំពោះការធ្លាក់ចុះនៃសីតុណ្ហភាពត្រជាក់នេះ៕