ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូអត់កញ្ចក់បញ្ច្រាស់ ទិសចរាចរណ៍រកបុកគេឯងហើយ ថែមទាំងរកវាយសមត្ថកិច្ចថែមទៀត បញ្ចេញកាយវិការក្រអឺតក្រទម រកហក់វាយ ចង្អុល ប្រើសម្តីគ្មានសីលធម៌ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនរូប ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារថែមទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅចំណុចកើតហេតុខាងលើ បានបញ្ជាក់ប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅចំណុចគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមការណែនាំរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ដែលពាក់អាវស ខាងលើ គ្មានកញ្ចក់ ពីកើតទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍រកបុកគេឯងថែមទៀត ទើបសមត្ថកិច្ចឃាត់បានដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ បន្ទាប់មកបុរសខាងលើ រកវាយសមត្ថកិច្ចថែមទៀត បញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើន ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារថែមទៀត ច្រង៉េងច្រង៉ាងពេញផ្លូវ ត្រូវបានសមត្ថកិច្ច សុំគោលការណ៍ពីថ្នាក់លើ បញ្ជូនបុរសរូបនេះ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធីច្បាប់បន្ត ដោយមិនទាន់បានស្គាល់ពីឈ្មោះ របស់បុរសខាងលើនៅឡើយ ៕