នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញសម្ពោធបើកការចាក់បញ្ចាំងភាពយន្ត នៃមហោស្រពវប្បធម៌អាស៊ីអឺរ៉ុប ឆ្នាំ២០២១ នៅរោងភាពយន្ត Major Cineplex សាខាអេអន១ ។ ចូលរួមក្នុងឱកាសនោះ រួមមានឯកឧត្ដម លោកជំទាវតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងអប់រំយុវជន និងកីឡា តំណាងក្រសួងព័ត៌មាន តំណាងសហភាពអឺរ៉ុប តំណាងយូណេស្កូ តំណាងអង្គទូតនានា ព្រមទាំងផលិតករ សិល្បករ ជាង១០០ នាក់។
កម្មវិធីចាក់បញ្ចាំងភាពយន្តនៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប រៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហភាពអឺរ៉ុប មូលនិធិអាស៊ីអឺរ៉ុប (ASEF) គាំទ្រហិរញ្ញវត្ថុដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងសំខាន់នៃការរៀបចំកម្មវិធីចាក់បញ្ចាំងភាពយន្តនាពេលនេះ មិនត្រឹមតែជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ប៉ុណ្ណោះទេ តែគឺជាការជួយជំរុញទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងប្រជាជន និងប្រជាជនៃទ្វីបទាំង២ អាស៊ី និងអឺរ៉ុប ពិសេសបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកលើរស់នៅ ការហូចុក ប្រពៃណីទំនៀមទំលាប់ និងភាពចម្រុះនៃវប្បធម៌អាស៊ី និងអឺរ៉ុប។ ភាពយន្តដែលបានដាក់ស្នើសុំចាក់បញ្ចាំងក្នុងមហោស្រពនេះ គឺសុទ្ធសឹងតែជាស្នាដៃភាពយន្តដែលផលិតរួមគ្នារវាងផលិតករអាស៊ី និងអឺរ៉ុប (សហផលិតកម្ម) ឬ ជាស្នាដៃភាពយន្តដែលមានខ្លឹមសារបង្ហាញពីទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប ព្រមទាំងទទួលបានជោគជ័យលើឆាកអន្តរជាតិ។